(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា «ការបង្កើតបណ្តាញសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ជាដៃគូសន្ទនារវាងប្រជាសហគមន៍ និងរាជរដ្ឋាភិបាល ផ្លាស់ប្តូរយោបល់ ស្វែងរកដំណោះស្រាយរួមគ្នា ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព»។
លោករដ្ឋមន្រ្តីវ័យក្មេង បានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាល និងផ្តល់ម៉ូតូជូនគណៈកម្មាធិការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។
លោក សាយ សំអាល់ បានថ្លែងថា ក្រសួងបរិស្ថាននឹងខិតខំពង្រឹងភាពជាដៃគូដ៏ល្អក្នុងការកសាងសហគមន៍ឱ្យមានការរីកចម្រើន ហើយភាពជាដៃគូសហការនេះ មានសារសំខាន់ ដែលផ្តល់ឱកាសឱ្យសហគមន៍តំបន់ការពារធម្មជាតិ អាចផ្លាស់ប្តូរបទពិសោធន៍ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍជីវភាពសហគមន៍ និងអាចលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយមន្រ្តីជំនាញ និងក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហការល្អថែមទៀត ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «ជីវភាពសហគមន៍មូលដ្ឋានមានភាពប្រសើរ លុះត្រាតែគ្រួសារប្រជាសហគមន៍ មានអាហារហូបចុកគ្រប់គ្រាន់ មានសុខភាពល្អ រស់នៅប្រកបដោយអនាម័យស្អាត និងកូនចៅបានបន្តការសិក្សាបានខ្ពង់ខ្ពស់»។
ជាមួយគ្នានេះលោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យសហគមន៍ជំរុញផលិតកម្មអាហារនៅតាមមូលដ្ឋាន ជាពិសេសការពង្រឹងលើធនធានអ្វីដែលសហគមន៍មានស្រាប់ដូចជាការដាំដុះដំណាំរួមផ្សំផ្សេងៗ និងការចិញ្ចឹមសត្វ ដែលជួយឱ្យគ្រួសារប្រជាសហគមន៍ មានស្បៀងអាហារបរិភោគគ្រប់គ្រាន់ មានសុខភាពល្អបរិបូណ៍ មានកម្លាំងប្រាជ្ញាវាងវៃ និងបង្កើនជីវភាពគ្រួសារតាមរយៈការលក់ចេញផលិតផលនានា ទៅកាន់ទីប្រជុំជន ទៅកាន់ទីផ្សារនានា នៅរាជធានីភ្នំពេញបន្ថែមទៀត។ បន្ថែមពីនេះសហគមន៍មួយចំនួនមានសក្តានុពលក្នុងការបង្កើតជាទេសចរណ៍ធម្មជាតិ ដែលអាចជួយឱ្យប្រជាពលរដ្ឋមូលដ្ឋានមានសេដ្ឋកិច្ចរឹងមាំមួយកម្រិតទៀត តាមរយៈការផ្តល់សេវាទេសចរណ៍ល្អ ដូចជា៖ ម្ហូបអាហារ បន្លែ ត្រី សាច់ និងវត្ថុអនុស្សាវរីយ៍ ជូនដល់អ្នកទេសចរណ៍ផងដែរ។
នាពេលកន្លងទៅ ក្រសួងបរិស្ថាន បានរៀបចំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ទាំងថ្នាក់មូលដ្ឋាន ថ្នាក់តំបន់ និងថ្នាក់ជាតិ និងបានជួយបណ្តុះបណ្តាលការរៀបចំ គ្រប់គ្រង ផ្តល់សម្ភារៈ ពូជសត្វ ជាបន្តបន្ទាប់ជូនដល់សហគមន៍មួយចំនួន ដើម្បីពង្រឹងជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។ នៅក្នុងពេលនេះ ក្រសួងបរិស្ថាន បានផ្តល់ម៉ូតូជូនដល់ «បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» ទាំងបីតំបន់ ដែលក្នុងនោះបណ្តាញនីមួយៗ ទទួលបានម៉ូតូចំនួន ៥គ្រឿង ដើម្បីលើកទឹកចិត្តដល់ការចូលរួមយ៉ាងសកម្ម ឬរបស់គណៈកម្មាធិការបណ្តាញទាំងអស់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ។
អ្នកស្រី ភោគ ហុង ប្រធានគណៈកម្មការបណ្តាញសហគមន៍ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប បានបញ្ជាក់ថា រយៈពេលជាងមួយឆ្នាំនៃការរៀបចំបណ្តាញសហគមន៍តំបន់ការពារធម្មជាតិមកនេះ សហគមន៍បានបំពេញការងារ និងសហការល្អជាមួយក្រសួងបរិស្ថាន និងអង្គភាពពាក់ព័ន្ធទទួលបានសមិទ្ធផលល្អដោយទាំងអស់គ្នាបានខិតខំប្រឹងប្រែងការពារធនធានធម្មជាតិ នៅតាមតំបន់សហគមន៍នានា។ សហគមន៍បានរៀបចំផែនការចុះល្បាតរួមជាមួយមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន តាមតំបន់ធម្មជាតិនានាដោយបានចូលរួមទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិដែលបានកើតឡើង។
ក្រសួងបរិស្ថានក៏បានចូលរួមលើក កម្ពស់ជីវភាពសហគមន៍ដោយបានផ្តល់ជាពូជគោ មាន់ ទា ជ្រូក ដល់ប្រជាពលរដ្ឋ ដើម្បីចិញ្ចឹមផងដែរ។ អ្នកស្រីបានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ដែលបានផ្តល់មធ្យោបាយជាម៉ូតូដល់ សហគមន៍ដើម្បីចុះបំពេញការងារនៅមូលដ្ឋាន។
លោក ទូច ម៉ន ប្រធានគណៈកម្មការបណ្តាញសហគមន៍ថ្នាក់តំបន់ខាងត្បូងបឹងទន្លេសាប ក៏បានថ្លែងអំណរគុណក្រសួងបរិស្ថាន ដែលបានផ្តល់មធ្យោបាយជាម៉ូតូ ដល់សហគមន៍។ លោកបានឱ្យដឹងថា កាលពីមុនបង្កើតបណ្តាញសហគមន៍ថ្នាក់តំបន់ សហគមន៍នីមួយៗធ្វើការដាច់ដោយឡែកៗពីគ្នា តែបច្ចុប្បន្នបានសហការគ្នាបំពេញការងារ ក៏ដូចជាមានសិទ្ធិស្របច្បាប់ក្នុងកិច្ចការនានា ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដោយបានលើកយកបញ្ហាដែលពលរដ្ឋនៅសហគមន៍ជួបប្រទះមកក្រសួងស្ថាប័ន ដើម្បីជួយដោះស្រាយ ក៏ដូចជាស្នើសុំបញ្ចូលផែនការអភិវឌ្ឍន៍ផ្សេងចូលទៅក្នុងផែនការអភិវឌ្ឍសហគមន៍។
លោក ទូច ម៉ន បានបញ្ជាក់ថា «ម៉ូតូដែលក្រសួងបរិស្ថាន បានផ្តល់ឱ្យ គឺជាការលើកទឹកចិត្ត និងជាភាពកក់ក្តៅមួយដល់សហគមន៍ហើយយើងខ្ញុំនឹងខិតខំប្រឹងប្រែង និងចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការការពារធនធានធម្មជាតិ ដែលជាឆ្នាំងបាយដ៏សំខាន់របស់ប្រជាសហគមន៍កាន់តែល្អប្រសើរទៀត»៕