(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង បានបន្តសកម្មរបស់ខ្លួនយ៉ាងសកម្ម ក្នុងជួសជុលផ្លូវថ្នល់ ទូទាំងក្រុងដែលរងការខូចខាត ដោយសារតែបញ្ហានានា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បើទោះបីស្ថិតក្នុងតំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ក៏ពិតមែន ប៉ុន្តែការអភិវឌ្ឍក៏នៅតែបន្តធ្វើ ពោលគឺដៃម្ខាងធ្វើការអភិវឌ្ឍ ឯដៃម្ខាងទៀតធ្វើការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង បាននឹងកំពុងបន្តធ្វើយ៉ាងសកម្មភាពជួសជុល និងអ៊ុតកៅស៊ូ AC លើមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីផ្លូវលេខ២៧១ ដល់ផ្លូវជាតិលេខ២ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ។
មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ហៅផ្លូវ៦០ម៉ែត្រ) ជាកំណាត់ផ្លូវមួយ ដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមកនោះ ហើយផ្លូវនេះក៏ជាផ្លូវទី២៩ផងដែរ មានន័យថា ជាកំណាត់ផ្លូវបញ្ចប់ចុងក្រោយគេ នៃគម្រោងជួសជុលផ្លូវដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀង។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភានេះ បាននឹងកំពុងធ្វើសកម្មភាពអ៊ុតកៅស៊ូ AC មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីផ្លូវលេខ២៧១ ដល់ផ្លូវជាតិលេខ២ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។
មន្ត្រីដដែលបានបន្តទៀតថា ការជួសជុលអ៊ុតកៅ AC លើមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នេះ គឺជាគម្រោងជួសជុលផ្លូវដែលរងការខូចខាតដោយទឹកភ្លៀង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានបណ្តោយប្រវែង៩១៥០ម៉ែត្រ ទទឹង២១ម៉ែត្រ អ៊ុតកៅស៊ូ AC កម្រាស់ ៧០មីលីម៉ែត្រ តភ្ជាប់ពីផ្លូវលេខ២៧១ ដល់ផ្លូវជាតិលេខ ២ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ដោយចាប់ផ្តើមអ៊ុតកៅស៊ូកាលពីថ្ងៃទី១៥ វិច្ឆិកាឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា ក្រោយជំនន់ទឹកភ្លៀងផ្លូវចំនួន ២៩ខ្សែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានទទួលរងការខូចខាត។ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន និងការដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង ផ្លូវដែលខូចខាតទាំងអស់ ត្រូវជួសជុល កែលម្អរឡើងវិញ ហើយគិតមកដល់ពេលនេះ បានឈានដល់ទីបញ្ចប់នៃគ្រោងហើយ៕