(​យូ​អិន​)៖ ប្រមុខ​ដឹកនាំ​នៃ​អង្គការ​សហប្រជាជាតិ (UN) លោក បាន គីមូន បានចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស​ក្នុង​កម្រិត​ធ្ងន់​បំផុត ចំពោះ​ការវាយប្រហារ​ដោយ​អំពើ​ភេរវកម្ម នៅ​កណ្តាល​រដ្ឋធានី​អង់កា​រ៉ា របស់​ប្រទេស​តួ​ក​គី កាលពី​យប់​ថ្ងៃ​អាទិត្យ ដែល​បាន​បណ្តាលឲ្យ​មនុស្ស​ស្លាប់ និង​របួស​រាប់រយ​នាក់​។ នេះ​បើ​តាម​ការផ្សាយ របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែ​មីនា ឆ្នាំ​២០១៦​។​

​សេចក្តីថ្លែងការណ៍​ចេញ​ដោយ​ការិយាល័យ​អគ្គលេខាធិការ លើកឡើងថា «​ក្នុងនាម​ជា​អគ្គលេខាធិការ UN ខ្ញុំ​សូម​បង្ហាញ​នូវ​ក្តីរ​ន្ធ​ត់ និង​អាណិតអាសូ​អស់​ពី​បេះ​ដូង ចំពោះ​ក្រុម​គ្រួសារ​សាច់ញាតិ​នៃ​ជនរងគ្រោះ​ទាំងអស់​។ អង្គការសហប្រជាជាតិ នឹង​ឈរ​នៅ​ជាមួយ​រដ្ឋាភិបាល ព្រមទាំង​ប្រជាជន​តួ​ក​គី​ទាំងអស់ ក្នុងពេលវេល នៃ​គ្រោះអាសន្ន​មួយ​នេះ​»​។​

​គួរបញ្ជាក់​ថា មនុស្ស​រហូតដល់​ទៅ ៣៤​នាក់​បាន​ស្លាប់ និង​១២៥​នាក់​ទៀត​រងរបួស បន្ទាប់​ពី​ដ៏​ការ​បំផ្ទុះ​គ្រាប់បែក លើ​រថយន្ត បាន​កើតឡើង ក្បែរ​ស្ថានីយ៍​រថយន្តក្រុង​ដ៏​ធំ​មួយ នៅ​កណ្តាល​រដ្ឋធានី​អង់កា​រ៉ា​។ តំបន់​ដែល កើតហេតុ​នោះ គឺ​ស្ថិតនៅ​ក្បែរ​ទីលាន គី​ហ្ស៊ី​ឡាយ ដែល​មាន​ក្រសួង​មួយចំនួន​របស់​រដ្ឋ​តាំងនៅ​។ អាជ្ញាធរ​តួ​ក​គី​កំពុងតែ​ធ្វើ​ការស៊ើបអង្កេត​យ៉ាង​ក្តៅគគុក ដើម្បី​ស្វែងរក​ក្រុម​ដែល​ស្ថិត​នៅ​ពីក្រោយ ការវាយប្រហារ​ដ៏​អាក្រក់​នេះ​៕​