(កំពង់ឆ្នាំង)៖ ទំនប់បង្ហៀររទឹកមួយកន្លែងនៅក្នុងភូមិកាន់យួរ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កសាងបាន៨០ភាគរយហើយ បន្ទាប់ពីគណៈកម្មការគ្រប់គ្រងទំនប់ទឹកបានឯកភាពគ្នារៃប្រាក់ពីកសិករក្នុងភូមិ ដែលបានប្រើប្រាស់ទឹកពីទំនប់ខាងលើ ដើម្បីបញ្ចាល់ទឹកស្ទឹងបញ្ចូលក្នុងប្រឡាយមេសម្រាប់ស្រោចស្រពស្រែប្រាំង និងស្រែវស្សានៅក្នុងមូលដ្ឋានដែលមានផ្ទៃដី ១៥៦៤ហិកតា។
លោក ជាង សុផល ប្រធានគណៈកម្មការគ្រប់គ្រងទឹកឃុំមេលំ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បាននិយាយឲ្យដឹងថា រៀងរាល់ឆ្នាំកន្លងមកប្រជាកសិករនៅក្នុ ងភូមិមេលំ និងភូមិកាន់យួរ ក្នុងឃុំមេលំ ស្រុកបរិបូណ៌ដែលមានសមាជិកចំនួនជាង ២០០គ្រួសារ តែងរៃប្រាក់គ្នាពីម្ចាស់ស្រែ ក្នុងហិកតា២ម៉ឺនរៀល ដើម្បីធ្វើធ្នូសបញ្ចាល់ ទឹកស្ទឹងនៅចំណុចខាងលើ យកទឹកបញ្ចូលមកប្រឡាយមេ ដើម្បីស្រោចស្រពដីស្រែប្រាំងនិងស្រែវស្សា។ ប៉ុន្តែការរៃអង្គាសគ្នាជារៀងរាល់ឆ្នាំបែបនេះ គឺត្រូវខាតបង់ឥតប្រ យោជន៍ព្រោះការធ្វើរបាំងធ្នួស ពីបង្គោលឈើបាំងកៅស៊ូចាក់ដីទប់ទឹកស្ទឹងបែបនេះ វាមិនរឹងមាំយូរអង្វែងឡើយ គឺត្រូវធ្វើជារៀងរាល់ឆ្នាំ។
លោកប្រធានគណៈកម្មការទំនប់ទឹកបានបន្តថា ដោយយល់ឃើញបែបនេះ និងដោយមានការឯកភាពពីលោកមេឃុំ និងការគាំទ្រពីប្រជាកសិករក្នុងភូមិ ក៏បានឯកភាពរៃអង្គាសប្រាក់គ្នាពីកសិករម្ចាស់ស្រែក្នុង១ហិកតា១០ម៉ឺនរៀ លសម្រាប់យកកសាងទំនប់បង្ហៀរទឹកខាងលើនេះក្នុងឆ្នាំ ២០២០ ដោយបានរៃអង្គាស់គ្នាបានថវិកាជាង៤០លានរៀលយកមកកសាងទំនប់បង្ហៀរទឹកនេះបាន៨០ភាគរយហើយ។ ចំណែកដីស្រែដែលទឹកស្រោចស្រពក៏បានទិន្ន ផលល្អជាង៨០ភាគរយផងដែរ។
ដោយឡែក នៅក្នុងឆ្នាំ២០២១នេះ គណៈកម្មការបានរៃអង្គាសប្រាក់ពីកសិករម្ចាស់ស្រែក្នុង១ហិកតា១០ម៉ឺនរៀលទៀត ដើម្បីកសាងទំនប់បង្ហៀរនេះបន្តគឺត្រូវចាក់សាបផ្ទៃខាងក្រោមខាងមុខទំនប់ឲ្យបានវែង ហើយនៅពេលចាក់សាបបានវែងហើយនោះកន្លែងមុខទឹកនេះនឹងក្លាយ ទៅជាកន្លែងមុជទឹកលេងកម្សាន្តបម្រើឲ្យវិស័យទេសចរណ៍នៅក្នុងមូលដ្ឋានបានយ៉ាងស្រស់ត្រកាលទៀតផង។
«ក្នុងនាមគណៈកម្មការគ្រប់គ្រងទំនប់ទឹកតំណាងឱ្យប្រជាពលរដ្ឋលោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កសិករដែលបានចូលរួមកសាងទំនប់បង្ហៀរទឹកខាងលើនេះក្នុងរយៈពេលកន្លះខែយ៉ាងសស្រាក់សស្រាំទើបសម្រេ ចបានលទ្ធផលជាទីគាប់ប្រសើរ និងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់លោកមេឃុំមេលំ ដែលបានយកចិត្តទុកដាក់ជួយសម្របសម្រួលផ្លូវច្បាប់ក្នុងការធ្វើទំនប់បង្ហៀរទឹកខាងលើនេះ ដើម្បីជាប្រយោជន៍រួមដល់ប្រជាកសិករនៅក្នុងឃុំ»។ នេះជាការលើកឡើងរបស់លោក ជាង សុផល៕