(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត ស្នើឱ្យក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ យកចិត្តទុកដាក់មើលថែទាំ និងព្យាបាលអ្នកជំងឺបានល្អ និងសូមស្នើឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត តាមការណែនាំរបស់រដ្ឋបាលខេត្ត ក្នុងវិធានការបង្ការ ទប់ស្តាប់ជំងឺកូវីដ១៩នេះ។
ការស្នើបែបនេះរបស់លោក ជាវ តាយ បានធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីពាក់ព័ន្ធ នាំយកអំណោយ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ កម្រិតបឋមនិងអ្នកធ្វើចត្តាឡីស័ក ក្នុងមណ្ឌលសាលាវិទ្យាល័យព្រះបិតាជាតិ ស្រុកកំពង់ត្រាចខេត្តកំពត។
លោក ជាវ តាយ បានថ្លែងថា បើទោះបីក្នុងរយៈពេលនេះ ប្រជាពលរដ្ឋ បាននិងកំពុងសម្រាកព្យាបាល និងធ្វើចតាឡីស័ក ក៏ពិតមែន ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន តែងតែមានការព្រួយបារម្ភ យកចិត្តទុកដាក់ និងណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត គិតគូរយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋជាប្រចាំគ្រប់ពេលវេលាក្នុងស្ថានភាពពិភពលោក ក៏ដូចជាកម្ពុជាយើង បាននិងកំពុង រងការយាយីដោយជំងឺកូវីដ១៩ នេះ។ ដូច្នេះ ក្នុងរយៈពេលនេះសូមបងប្អូនមេត្តាទ្រាំអត់ធ្មត់ថែរក្សាសុខភាព ដោយអនុវត្តឱ្យបានល្អ តាមការណែនាំ របស់គ្រូពេទ្យ ក៏ដូចជាវិធានការរបស់ ក្រសួងសុខាភិបាល ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យ ដើម្បីជួយដល់បងប្អូនជាបន្ទាន់។
លោក ជាវ តាយ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ នៅពេលជាសះស្បើយ ឬធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយមិនមានបញ្ហាអ្វីប្រែប្រួលទេ រួចវិលត្រឡប់ទៅលំនៅឋានវិញ ត្រូវតែអនុវត្តឱ្យបានខ្ជាប់ុភ្ជាប់ភ្ជួន នូវវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ដោយត្រូវថែរក្សាសុខភាព លាងដៃជាមួយសាប៊ូ អាកុល ពាក់ម៉ាស និងរក្សាគម្លាតបុគ្គល ដើម្បីយើងរួមគ្នាប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាជំងឺសត្រូវអត់ស្រមោល កុំឱ្យបន្តឆ្លងចូលក្នុងក្រុមគ្រួសារ ក្នុងសហគមន៍ ក្នុងប្រទេសយើងបន្តទៀត។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ជាវ តាយ បានជូនថវិកា ចំនួន៥លាន ២សែនរៀល សម្រាប់អ្នកជំងឺកូវីដ១៩ និងអ្នកធ្វើចត្តាឡីស័ក ក្នុងម្នាក់៥ម៉ឺនរៀល និងថវិកា ១លានរៀលទៀត សម្រាប់ក្រុមគ្រូពេទ្យរួមនឹងថវិកាមួយចំនួនទៀត ដល់កងកម្លាំងទាំង៣ យាមប្រចាំការ និងបន្តផ្ដល់ទឹកអាកុល ម៉ាសនិងទឹកសុទ្ធសម្រាប់ជួយផ្គត់ផ្គង់ដល់អ្នកជំងឺ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅទីនេះផងដែរ៕