(ភ្នំពេញ)​៖​ សហភាពសិទ្ធិកម្មករកម្ពុជា​ នៅព្រឹកថ្ងៃទី១៤មីនាឆ្នាំ២០១៦​ បានប្រកាសស្វាគមន៍ លើសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលបានយល់ព្រមលុបចោល ការធ្វើលិខិតថ្កោលទោស​ និង​កំណត់អាយុមន្ត្រីសហជីពពី២៥ឆ្នាំ មកត្រឹមអាយុ១៨ឆ្នាំ​។

លោកគឹម​ ចាន់សំណាង​ ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា​ បានប្រកាសថា​ ដំណើរការពិភាក្សាក្នុងយន្តការត្រីភាគី នាដំណាក់កាលចុងក្រោយនេះ គណកម្មការចំពោះកិច្ចបានសម្រេចលទ្ធផល ជាផ្លែផ្កាក្នុងកិច្ចប្រជុំរបស់ខ្លួ​ន។

កិច្ចប្រជុំបានយល់ព្រមលុបចោលការធ្វើលិខិតថ្កោលទោស​ និង​ កំណត់អាយុមន្ត្រីសហជីពពី២៥ឆ្នាំ មកត្រឹមអាយុ១៨ឆ្នាំ​ ដែលចំណុចនេះបានបើកទូលាយ ដល់សហជីពធ្វើសកម្មភាពកាន់តែទូលំទូលាយថែមទៀត។

 លោកគឹម​ ចាន់សំណាងបន្តថា​ សហជីពរបស់លោកសូមគាំទ្រ ចំពោះការបង្កើតច្បាប់សហជីព និងអនុវត្តយ៉ាងមានប្រសិទ្ធភាព ដើម្បីធានាបាននូវសិទ្ធិសេរីភាព​ ព្រមទាំងគាំទ្រចំពោះការចាត់វិធានការ ចំពោះបុគ្គលទាំងឡាយណា​ ដែលរើសអើងចំពោះសហជីពឬយកសហជីព ធ្វើជាមធ្យោបាយសម្រាប់បម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមរបស់ខ្លួនមិនបម្រើផលប្រយោជន៍ ទូទៅរបស់កម្មករនិយោជិត​ ដែលធ្វើឲ្យប៉ះពាល់ដល់បរិយាកាសវិនិយោគ និងសុខុដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

បន្ទាប់ពីច្បាប់នេះត្រូវបានសភាអនុម័ត​ ការលាបពណ៌គ្នា រវាងសហជីពនិងសហជីពត្រូវបានលុបបំបាត់​។ ចំណែកការធ្វើរបាការណ៍ហិរញ្ញវត្ថុ របស់សហជីពទាំងអស់ មិនមានអ្វីត្រូវព្រួយបារម្ភនោះឡើយ​ ដើម្បីតម្លាភាព។ លោកក៏សូមអំពានាវដល់កម្មករ​ កម្មការិនីទាំងអស់ខិតខំបំពេញការងារ​ ហើយការអនុម័តច្បាប់នេះ គឺបានការពារសិទ្ធិ និងផលប្រយោជន៍ជូនកម្មករពិតៗ​៕