(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច បានប្រកាសថា លោក ញឹក ប៊ុនឆៃ និងបក្ខពួករបស់លោក បានលក់ដីទីតាំងធ្វើទីស្នាក់ការ និងទីស្នាក់ការ ៣កន្លែង ដែលជាកម្មសិទ្ធិរបស់គណបក្សហ៊្វុនស៊ិនប៉ិច យកលុយជាង៨លានដុល្លារអាមេរិក អំឡុងពេលរូបលោកគ្រប់គ្រងបក្ស ចាប់ពីឆ្នាំ២០០៦ បន្ទាប់ពីធ្វើបក្សប្រហារទម្លាក់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងដីទីតាំងទីស្នាក់ការ និងទីស្នាក់ការ ដែលលោក ញឹក ប៊ុនឆៃ បានលក់នោះរួមមាន៖
១. ទីតាំងស្នាក់ការនៅផ្លូវវេងស្រេង ដែលមានទំហំចំនួន ១១ហិកតា តម្លៃស្មើនឹង ៣,៨៥០,០០០ដុល្លារ។
២. ទីស្នាក់ការនៅម្តុំបុរីចំការមនតម្លៃ ៣,៥០០,០០០ដុល្លារ។
៣. ទីស្នាក់ការថ្មីស្ថិតនៅតាមផ្លូវជាតិលេខ ៦អា តម្លៃប្រមាណ ១,២០០,០០០ដុល្លារ។

បើតាមសេចក្តីប្រកាស បានបញ្ជាក់ផងដែរថា ក្រៅពីទីស្នាក់ការខាងលើលោក ញឹក ប៊ុនឆៃ បានលក់ទីស្នាក់ការនៅតាមបណ្តា ខេត្តជាច្រើនផ្សេងទៀត។

គណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ទៀតថា បន្ទាប់ពីសម្តេចក្រុមព្រះយាងមកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចជាថ្មី នៅដើមខែមករា ឆ្នាំ២០១៥ លោក ញឹក ប៊ុនឆៃ បានធ្វើលិខិតថ្វាយទីស្នាក់ការ​ទាំងអស់ដល់សម្តេចក្រុមព្រះរួចរាល់ហើយ។ ការបញ្ជាក់របស់គណបក្ស ហ៊្វុនស៊ិនប៉ិច បានធ្វើឡើងបន្ទាប់ពីលោក ញឹក ប៊ុនឆៃ បង្ហាញគម្រោងប្តឹងទាមទារទីស្នាក់ការបក្សមួយចំនួន។

សូមបញ្ជាក់ថា លោក ញឹក ប៊ុនឆៃ បានសម្រេចដើរចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ទៅបង្កើតគណបក្សខ្មែររួបរួមជាតិនៅដើមខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពីអតីតសមាជិក សមាជិកាគណបក្សហ៊្វុនស៊ិនប៉ិចចាស់ៗជាច្រើននាក់។ ជាមួយការដើរចេញបង្កើតបក្សថ្មីនេះ លោក ក៏បានប្រកាសប្តឹងទាមទារយកទីស្នាក់ការបក្សមួយចំនួន ពីគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ ដោយលោកអះអាងថា ទីស្នាក់ការនោះបង្កើតឡើង ដោយសមាជិក សមាជិកាគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានដើរចេញតាមរូបលោក៕