(​ណៃ​ពិដោ​)៖ រដ្ឋសភា​សហភាព​មី​យ៉ាន់​ម៉ា (​ភូមា​) នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​មីនា ឆ្នាំ ២០១៦ ដោយ​មាន​ការចូលរួម​ពី​តំណាងរាស្ត្រ​ទាំងអស់​ដែល​ឈ្នះឆ្នោត ក្រោយ​ពី​បេក្ខភាព​ទាំងអស់ ត្រូវបាន​បញ្ជូន​ឈ្មោះ​ទៅ​កាន់​ប្រធានរដ្ឋសភា កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា សប្តាហ៍​មុន​។ នេះ​បើ​តាម​ការផ្សាយ​របស់ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែ​មីនា ឆ្នាំ​២០១៦​។​

​គួរបញ្ជាក់​ថា គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា គឺជា​គណបក្ស​របស់​លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ដែល​មាន​ឈ្នះ​សំឡេង​គាំទ្រ​ដ៏​ច្រើន​លើសលុប កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥​។ បេក្ខភាព​ប្រធានាធិបតី របស់​គណបក្ស​កាន់អំណាច ដែល​អាច​នឹង​ក្លាយជា​ប្រធានាធិបតី​នោះ​គឺ​លោក Htin Kyaw ដែល​ជា​មនុស្ស​ជំនិត​បំផុត​របស់​លោកស្រី ស៊ូ​ជី​។ ដោយឡែក​អនុ​ប្រធានាធិបតី​ទំនងជា​នឹង​បាន​ទៅលើ​លោក Henry Van Thio តំណាងរាស្ត្រ​មកពី​ក្រុម​ជនជាតិភាគតិច Chin៕​