(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ នេះ លោក លី​ម សុភា អភិបាលខណ្ឌ៧មករា ដឹកនាំគណៈ​ប្រតិភូខណ្ឌ៧មករា រួមមានអភិបាលរង អធិការខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ ប្រធានផ្សារអូរឫស្សី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក យ៉ាវ បូរ៉ា (ហៅ កែ តឿ) មន្រ្តីនគរបាលសណ្ដាប់ធ្នាប់ខណ្ឌ ៧មករា ដែលបានស្លាប់ដោយ​ដួលផ្ងា​ក្រោយក្នុង​ពេលបំពេញភារកិច្ច កាលពី​រសៀលថ្ងៃម្សិលមិញ។

គណ:ប្រតិភូសាលាខណ្ឌ​៧មករា បានចូលរួម​រំលែក​ទុក្ខ​​យ៉ាង​ក្រៀមក្រំ​ សោកស្ដាយ​ជាទីបំផុតជាមួយ ​ក្រុមគ្រួសារសព ដោយ​បាន​រៀបចំ​ផ្កា និង​បច្ច័យចំនួន ៣,៣០០,០០០រៀល និង ១១០ដុល្លារអាមេរិក នៅ​គេហដ្ឋាន​សព​ ស្ថិតនៅផ្ទះលេខ៣៤៩ ផ្លូវ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ។​

នៅរសៀលថ្ងៃដដែលនេះ លោក ហ៊ុន ម៉ា​ណែត និងលោកស្រី បានចាត់ឲ្យក្រុមការងារ​នាំយកថវិកា ចំនួន៣លានរៀល តាមរយៈ​ចលនាយុវជនកម្ពុជា ក្រុម១៥៧ ត្រូវបាននាំយកមកជូន​ដល់ដៃភរិយា​សព លោកវរសេនីយ៍ត្រី យ៉ាវ បូរ៉ា​ ផងដែរ។

សពលោក យ៉ាវ បូរ៉ា នឹងត្រូវ​ដង្ហែ សពទៅកាន់​ឈាបនដ្ឋាន​ វត្តនួនមុនីរាម (ហៅ វត្ត​ថាន់) ដើម្បី​ធ្វើ​ឈាបនកិច្ច និមន្ត​ព្រះសង្ឃ​បង្សុកូល គោរព​វិញ្ញាណ​ខន្ធ​​ជា​លើកចុងក្រោយ​  វេលា​ម៉ោង​ ៧ព្រឹក ថ្ងៃទី​ ១៦ ខែមីនា ឆ្នាំ​២០១៦៕