(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យកូនប្រុសទាំង២ របស់សម្តេច ធ្វើដំណើរជាបន្ទាន់ ទៅកាន់ខេត្តកំពង់ស្ពឺ ដើម្បីជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលត្រូវបានតុលាការខេត្តកំពង់ស្ពឺឃុំខ្លួន ពាក់ព័ន្ធទំនាស់ដីធ្លី នេះបើយោងតាម Facebook សម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនៅប៉ុន្មាននាទីមុននេះ។​   

សម្តេចតេជោ បានបញ្ជាក់នៅក្នុង Facebook របស់សម្តេចថា សម្តេចមានការខកចិត្តខ្លាំងណាស់ ចំពោះតុលាការខេត្តកំពង់ស្ពឺ ដែលចាប់តំណាងប្រជាពលរដ្ឋ២នាក់ ឃុំខ្លួន ដែលព័ត៌មាននេះ សម្តេចទើបតែទទួលបាននៅមុននេះបន្តិច។ បន្ទាប់ពីទទួលបានព័ត៌មាននេះ សម្តេចបានបញ្ជាទៅកាន់អភិបាលខេត្ត ដើម្បីធ្វើការជាមួយតុលាការទាំងយប់ ដើម្បីសុំធានាឲ្យនៅក្រៅឃុំ។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត សម្តេចបានបញ្ជាឲ្យកូនប្រុសទាំងរបស់សម្តេច គឺ លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ជាបន្ទាន់ដើម្បីដោះស្រាយបញ្ហានេះ។

ក្រៅពីការបញ្ជាកូនប្រុសទាំង២ របស់សម្តេចទៅកាន់ទីនោះ សម្តេចបានសង្កត់ធ្ងន់ថា ប្រសិនបើតុលាការមិនទុកចិត្ត ការសុំធានាឲ្យនៅក្រៅឃុំបានទេ សុំឲ្យតុលាការឃុំកូនប្រុសទាំង២នាក់ របស់សម្តេចជំនួសវិញចុះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់យ៉ាងដូច្នេះថា «ជាការគួរឱ្យខកចិត្តខ្លាំងណាស់ ដែលតុលាការខេត្តកំពង់ស្ពឺ ចាប់តំណាងប្រជាជន២នាក់ឃុំខ្លួន ដែលខ្ញុំទើបបានដឹងមុននេះបន្តិច។ ខ្ញុំបានបញ្ជារទៅអភិបាលខេត្ត ឱ្យធ្វើការជាមួយតុលាការទាំងយប់ ដើម្បីសុំធានាឱ្យនៅក្រៅឃុំ។ កូនប្រុសខ្ញុំ២នាក់ ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី កំពុងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ
ដើម្បីជួយប្រជាជនក្នុងរឿងនេះ។ សង្ឃឹមថាព្រះរាជអាជ្ញា និងអនុញ្ញាតិឱ្យប្រជាជនទាំង២នាក់បាននៅក្រៅឃុំ។ ប្រសិនមិនទុកចិត្តសុំអស់លោក ឃុំកូនខ្ញុំទាំង២នាក់ ជំនួសវិញចុះ។ សូមក្រសួងយុត្តិធម៌ ពិនិត្យករណីយនេះបន្ទាន់»។

សូមជម្រាបថា តំណាងប្រជាពលរដ្ឋរងគ្រោះក្នុងទំនាស់ដីធ្លីទាំង២នាក់ រួមមានអ្នកស្រី យូ រ៉ន និងអ្នកស្រី អ៉ិត រុំ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចាប់ខ្លួននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ក្នុងទំនាស់ដីធ្លីស្ថិតនៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រុមប្រជាពលរដ្ឋអះអាងថា ពួកគាត់រងគ្រោះ ដោយសារអាជ្ញាធរ ឃុបឃិតគ្នាឈូសឆាយរំលោភ យកដីធ្លីរបស់ពួកគាត់។ នៅព្រឹកថ្ងៃទី១៤ ខែមីនានេះផងដែរ ក្រុមប្រជាពលរដ្ឋរងគ្រោះ បានធ្វើដំណើរមកដាក់ញាត្តិ នៅមុខវិមានរដ្ឋសភាជាតិ ដើម្បីស្វែងរកអន្តរាគមន៍ ដោះលែងតំណាងរបស់ពួកគេ៕