(ភ្នំពេញ)៖ លោក សេង គន្ធ អភិបាលរងខណ្ឌពោធិសែនជ័យ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តី និងសមត្ថកិច្ច ចុះផ្អាកក្លឹបកំសាន្តពេលរាត្រី Spyder ដែលមានទីតាំងស្ថិត នៅតាមបណ្តោផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោយពីមានហេតុការណ៍ វាយតប់គ្នារវាងក្រុមភ្ញៀវ និងក្រុមសន្តិសុខនាយប់មិញនោះ ។

លោក សេង គន្ធ អភិបាលរងខណ្ឌ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា ក្រោយមានរឿងនេះ លោកអភិបាលខណ្ឌ បានចាត់តាំងឲ្យលោកចុះមកត្រួតពិនិត្យ ហើយសម្រេចផ្អាកជាបណ្តោះអាសន្ន ដោយរង់ចាំការដោះស្រាយ និងមានចំណាត់ថ្មី។

សូមបញ្ជាក់ថា ក្រុមភ្ញៀវដែលជានិស្សិតមានគ្នា៦នាក់ បានចោទប្រកាន់ ទៅលើក្រុមសន្តិសុខថា ប្រើអំពើហិង្សាពួកគេ ដោយអូសចេញមកក្រៅក្លឹប ហើយវាយរហូតហើមមុខហើមមាត់ ពីព្រោះតែពួកគេយកទូរស័ព្ទ មកថតលេងជាមួយគ្នា នៅពេលកំពុងផឹកស៊ី។ ជនរងគ្រោះទី១ ឈ្មោះរស់ តាក់ ហៅគន្ធ អាយុ២៥ឆ្នាំ ជានិស្សិតផ្នែកកសិកម្ម
ស្នាក់នៅក្នុងបុរីភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ និងទី២ ឈ្មោះវង្ស សុខហេង ស្នាក់នៅជាមួយគ្នា។

តែចំពោះការចោទប្រកាន់នេះ លោក សេង គន្ធ ក្រោយបានសួរនាំ ទៅលើក្រុមសន្តិសុខ និងមេកានៅទីនោះ បានប្រាប់ថា មុនពេលកើតហេតុក្រុមនិស្សិតទាំងនេះ បានចូលទៅផឹកស៊ីក្នុងក្លឹប ហើយមានម្នាក់បានពាក់មួក ពេលនោះសន្តិសុខ ក៏ដើរទៅប្រាប់សូមឲ្យដោះមួក តែរូបគេមិនព្រមស្តាប់ថែមទាំងឆ្លើយថា «ខ្ញុំចង់ពាក់នៅទីណាជាសិទ្ធិរបស់ខ្ញុំ»។

ដោយសារតែមិនស្តាប់សន្តិសុខ ក៏មិននិយាយតប ហើយដើរចេញ ស្រាប់តែក្រុមពួកគេនេះ បានយកទូរស័ព្ទទៅថតគេថតឯង ដែលនៅតុផ្សេង និងកំពុងរាំ។ ពេលនោះក្រុមសន្តិសុខ ក៏ដើរទៅប្រាប់ទៀតថា កុំឲ្យថតគេ បើចង់ថតគ្នាឯងនៅតុខ្លួនឯងក៏ថតទៅ ។ ពេលប្រាប់នោះភាគីខាងភ្ញៀវ ក៏មិនព្រមស្តាប់ទើបឈាន ទៅដល់ការឈ្លោះប្រកែកគ្នាខ្លាំង ហើយក៏នាំគ្នាចេញមកក្រៅក្លឹប។ ពេលចេញមកក្រៅនោះខាងភ្ញៀវ ក៏ទៅវាយសន្តិសុខ រហូតមានការប្រតប់គ្នាបង្កឲ្យ មានការភ្ញាក់ផ្អើលរហូតសមត្ថកិច្ច ចុះទៅជួយអន្តរាគមន៌ផងដែរ។

អ្នកជិតខាងបាននិយាយថាក្លឹប ខាងលើនេះឧស្សាហ៍កើតជម្លោះណាស់ បើមិនឈ្លោះរវាងភ្ញៀវ និងភ្ញៀវទេក៏កើតជម្លោះជាមួយសន្តិសុខដែរ ហើយពេលខ្លះពាក់កណ្ដាល អាធ្រាត្រទៅហើយក៏បង្កសំឡេងរំខានណាស់ដែរ ក្រៅពីសំឡេងភ្លេងដែលខ្ទរចេញមកខាងក្រៅនោះ សូម្បីតែពេលបិទ ភ្ញៀវនាំគ្នាចេញស្រែកឡូឡាបញ្ឆេះម៉ូតូរោទ៏លាន់កងរំពង អ្នកជិតខាងគ្មានបានដេកពួននោះទេ។

ចំពោះការលើកឡើងខាងលើនេះលោក សេង គន្ធ បានថ្លែងថា លោកនឹងពិនិត្យមើលបញ្ហាទាំងនេះឡើងវិញ ហើយធ្វើកិច្ចសន្យា ឫការណែនាំដល់ម្ចាស់ក្លឹបឲ្យកែសម្រួលឡើងវិញ ហើយមិនកែសំរួលទេ នឹងមានវិធានការតាមច្បាប់៕