(ភ្នំពេញ)៖ យ៉ាងហោចណាស់អ្នកបើកបរស្រវឹង ចំនួន១០នាក់ត្រូវបានឃាត់ខ្លួន នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីសមត្ថកិច្ចនគរបាលចរាចរណ៍ ពិនិត្យឃើញថា ពួកគេមានផ្ទុកកម្រិតជាតិអាល់កុលក្នុងខ្លួនលើសកម្រិត មិនអាចលើកលែងត្រឹមតែពិន័យ និងអប់រំបាន នេះបើយោងតាមរបាយការណ៍ របស់សមត្ថកិច្ច។

របាយការណ៍អំពីលទ្ធផលនៃការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ បានបញ្ជាក់ថា យានយន្តដែលបានធ្វើការត្រួតពិនិត្យ មានចំនួន៩៥០គ្រឿង (ម៉ូតូចំនួន៦២៥គ្រឿង និងរថយន្ត៣២៥គ្រឿង) យានយន្តដែលបានចេញប័ណ្ណពិន័យបទល្មើស ចំនួន៣២៤គ្រឿង (ម៉ូតូ២៤០គ្រឿង និងរថយន្ត៨៤គ្រឿង) អប់រំអ្នកបើកបរដែលមានអត្រាជាតិ ស្រវឹងក្រោម០.២៥ ចំនួន១៨នាក់ (ម៉ូតូចំនួន៨នាក់ និងរថយន្តចំនួន១០នាក់) ពិន័យអ្នកបើកបរដែលមានអត្រាជាតិ ស្រវឹងចាប់ពី០.២៥ ដល់០.៣៩ មីលីក្រាម៦នាក់ (ម៉ូតូចំនួន៥នាក់ និងរថយន្តម្នាក់)។

ជាមួយគ្នានេះដែរ សមត្ថកិច្ចនគរបាលបាន ឃាត់អ្នកបើកបរស្រវឹងចំនួន១០នាក់ ក្នុងនោះអ្នកបើកម៉ូតូ២នាក់ មានកម្រិតជាតិអាល់កុល០.៧៧ ដល់១,០០Mgl/ខ្យល់ និងអ្នកបើករថយន្ត០៨នាក់ មានកម្រិតជាតិអាល់កុល ចាប់ពី០.៦៧ ដល់១.១៨MgL /ខ្យល់។

សូមបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយៈពេល៣៨លើក សមត្ថិកិច្ចបានឃាត់អ្នកបើកបរយានយន្ត ចំនួន២៨០នាក់ ក្នុងនោះ អ្នកបើកបររថយន្តចំនួន៧១នាក់ និងអ្នកបើកបរម៉ូតូចំនួន២០៩នាក់៕