(ភ្នំពេញ)៖ ព្រោះតែរំភើប រកអ្វីនឹងប្រៀបផ្ទឹមពុំបាន ក្នុងមង្គលដ៏ពិសេសសម្រាប់ជីវិត នៅពេលនេះ តារាសម្ដែងស្រស់សោភា កញ្ញា គង់ ច័ន្ទស្រីមុំ និងស្វាមី គឺលោក គឹម សីហា បានបង្ហាញពីក្ដីស្រឡាញ់ ចំពោះគ្នានឹងគ្នា រហូតសម្រក់ទឹកភ្នែក ហូរកាត់ផែនថ្ពាល់ របស់ពួកគេទាំងពីរ នៅចំពោះមុខភ្ញៀវកិត្តិយស រាប់រយនាក់ ពេលដែលអ្នកទាំងពីរ រំឭកពី​ប្រវត្តិស្នេហ៍តាំងពីគ្រាដំបូង។

កូនកំឡោះដ៏ស្រស់ស្អាត លោក គឹម សីហា បានបង្ហើរសំនៀង មួយបទអមដោយទឹកភ្នែក រលីងរលោង អួលដើមក មានចំណង ជើងថា «ពេលណាយើងចាស់ទៅ» រហូតដល់ភ្ញៀវកិត្តិយស ទះដៃអបអរសាទរព្រោងព្រាត ហើយបាននិយាយរំឭកពីការតស៊ូ ក្នុងដំណើរស្នេហានេះ តាំងពីជួបគ្នាដំបូង រហូតដល់ថ្ងៃមង្គលការ ។ លោក គឹម សីហា បានថ្លែងនៅចំពោះមុខភ្ញៀវកិត្តិយស ទាំងអស់ថា លោកពិតជាស្រឡាញ់ ស្រីមុំ ជាភរិយាខ្លាំងណាស់ ប៉ុន្តែលោកតែងតែលាក់ទំហំចិត្តនេះ មិនឲ្យអនាគតប្រពន្ធដឹង នោះឡើយ តែពេលនេះ លោកសូមបើកបេះដូងបង្ហាញថា លោកមិនអាចរស់នៅអត់មានស្រីមុំ ជាភរិយាបាននោះទេ ។ លោកសច្ចារថា នឹងស្រឡាញ់គ្នាលុះថ្ងៃស្លាប់។

ចំណែកកូនក្រមុំ ដ៏ស្រស់ស្អាត គង់ ច័ន្ទស្រីមុំ ឯណេះវិញ ក៏បានសម្រក់ទឹកភ្នែក នៅលើវេទិកា និងនិយាយទាំងរដិបរដុបព្រោះតែ រំភើបខ្លាំងពេក ប្រាប់ដល់ភ្ញៀវកិត្តិយសថា នាងពិតជាសប្បាយចិត្ត រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ហើយក៏អរគុណចំពោះក្ដី ស្រឡាញ់របស់ ស្វាមី ដែលបានផ្ដល់ឲ្យយ៉ាងធំធេង នៅក្នុងថ្ងៃនេះ ។

សូមបញ្ជាក់ថា នៅទីបំផុត ចំណងស្នេហ៍ស្គាល់ចិត្តស្គាល់ថ្លើមគ្នា ប្រមាណជិត១០ឆ្នាំ របស់តារាសម្ដែង នាង គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា រហូតដល់ថ្នាក់ពេលខ្លះ ត្រូវរងព័ត៌មានថា ពួកគេរស់នៅ ក្រោមដំបូលផ្ទះតែមួយ ជាមួយគ្នាផងនោះ នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦នេះ អ្នកទាំងពីរបានដឹកដៃគ្នា ក្រាបផ្ទឹមរៀបការតាមប្រពៃណី បន្លឺសំឡេងភ្លេងការយ៉ាង អធិកអធ័ម ​និងទទួលពរជ័យ ពីមេបា ទាំងសងខាង យ៉ាងទ្រហឹងអឺងអាប់ ។

គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា បានទំនាក់ទំនងជាមួយគ្នា រួចវេញជាចំណងស្នេហ៍ ក្នុងពិភពសិល្បៈ រហូតអ្នកសិល្បៈគ្រប់ មជ្ឈដ្ឋាន ទទួលស្គាល់ចំណងស្នេហ៍នេះ ហើយពួកគេឈានដល់ ការមានជំនួញរកស៊ី ជាមួយគ្នាទៀតផង ។ គូស្នេហ៍ទាំងពីត្រូវបានគេមើលឃើញថា តែងតែដឹកដៃគ្នា​ត្រសង ទៅចូលរួមកម្មវិធីរបស់មិត្តភក្តិ ជាហូរហែមិនដែលដាច់ ហើយជាគូស្នេហ៍មួយ អាចរក្សាបាននូវចំណងស្នេហ៍ មិនទាន់ចូលរោងការបានយូរជាងគេ ព្រោះមានគូស្នេហ៍ក្នុងសិល្បៈ ជាច្រើនមកហើយ ស្រឡាញ់គ្នាបានតែមួយឆាវ ក៏បែកគ្នាវិញ ដែលគេហៅថា «ស្នេហាបែបភ្លើងចំបើង»។

ប៉ុន្តែសម្រាប់ស្រីស្រស់ គង់ ច័ន្ទស្រីមុំ និងកំឡោះសង្ហា លោក គឹម សីហា នៅតែរក្សាចំណងស្នេហ៍មួយនេះ បានរហូតជិតដប់ឆ្នាំ ពិតជាមិនធម្មតាឡើយ ទោះបីពួកគេមានវ័យ នៅក្មេង បន្តិចក្ដី តែពួកគេហាក់បីដូចជាមនុស្ស ចាស់ចិត្តចាស់គំនិត ក្នុងរឿងស្នេហា ពោលមិនមានចិត្តវេចវេ ទៅរកអ្នកថ្មីឡើយ ខណៈកញ្ញា គង់ ច័ន្ទស្រីមុំ កន្លងមក ក៏មានអ្នកតូចអ្នកធំ អ្នកមានអំណាច មានលុយ ជាច្រើននាក់មកហើយ តាមស្រឡាញ់រូបនាង និងចង់បានជាគូអនាគត។

ជាក់ស្ដែងនៅថ្ងៃថ្ងៃទី១៤ខែមិនា ឆ្នាំ២០១៦នេះ លទ្ធផលស្នេហារបស់ពួកគេ គឺទទួលបានផ្លែផ្កាគួរជាទីមោទន ដោយបានសម្រេចចិត្ត ចូលរោងជ័យ ក្រោមទឹកមុខរំភើបរីករាយគ្នាអ្វីផ្ទឹម ក្នុងនោះអ្នកទាំងពីរ បានអញ្ជើញភ្ញៀវកិត្តិយស ដែលភាគច្រើនជាអ្នកសិល្បៈ ដើម្បីចូលរួមអបអរសាទរ ឲ្យពរឲ្យជ័យ ប្រមាណ ជិត​៥០​តុឯណោះ​។ ក្នុងកម្មវិធីទទួលទានអាហារ បានប្រព្រឹត្តិទៅ ​នៅឯសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល ភោគីត្រា ភ្នំពេញ ​ចាប់ពីម៉ោង៥ល្ងាច ប្រកបដោយភាពសប្បាយរីករាយ នឹងការជូនពរជូនជ័យ ពីសំណាក់មិត្តភក្តិ រួមអាជីពយ៉ាងច្រើនកុះករ៕

សូមទស្សនារូបភាពទាំងស្រុង ដែលភ្នាក់ងារ Fresh News បានផ្តិតយកដោយផ្ទាល់ ក្នុងពិធីមង្គលការរបស់អ្នកទាំងពីរ នៅក្នុងសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភោគីត្រា៖