(ណៃពិដោ)៖ ទីបំផុតពេលវេលា ដែលអ្នកតាមដានព្រឹត្តិការណ៍នយោបាយ នៅមីយ៉ាន់ម៉ា ទន្ទឹងរង់ចាំបំផុតនោះ បានមកដល់ហើយ គឺការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់បំផុតក្នុងការដឹកនាំ ប្រទេសជាតិដែលធ្លាប់ស្ថិតក្រោមការដឹកនាំ ដោយរបបយោធាជាង៦ទសវត្សរ៍មួយនេះ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០១៦។

អនុប្រធានាធិបតីចំនួនបីរូប ត្រូវបានគេសម្រេចជាចុងក្រោយថា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការ បោះឆ្នោតជ្រើសរើសយកមួយរូប ឲ្យឡើងជាប្រធានាធិបតីនោះ មានដូចលោក U Htin Kyaw មកពីគណបក្ស ឈ្នះឆ្នោត (NLD), លោក U Henry Van Htee Yu មកពីគណបក្ស NLD, និងលោក U Myint Swe មកពីគណបក្ស USDP របស់អតីតរដ្ឋាភិបាលលោក យូ ធេន សេន (ត្រូវបានបញ្ជូនមកដោយស្វ័យប្រវត្តិ ពីយោធា)។

គួរបញ្ជាក់ថា ក្នុងចំណោមបេក្ខភាពបីរូបខាងលើនេះ បើមានមួយរូបណាឈ្នះសំឡេងគាំទ្រច្រើនជាងគេនឹង ក្លាយខ្លួនជាប្រធានាធិបតី នោះពីររូបផ្សេងទៀត នឹងក្លាយជាអនុប្រធានាធិបតី ដោយស្វ័យប្រវត្តិតែម្តង៕