(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូទៅទីក្រុងឆុងឈីង ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំសំខាន់ៗចំនួន២ នៅថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមិថុនា គឺជាផ្នែកមួយនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។
នៅក្នុងជំនួបដើម្បីអបអរសាទរនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន ត្រូវបានរំពឹងថា ពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការជាក់លាក់នៅក្នុងវិស័យផ្សេងៗ ក៏ដូចជាធ្វើការពិភាក្សាអំពីការលើកកម្ពស់បន្ថែម ទៀតនូវភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ក្នុងបរិបទបច្ចុប្បន្ននៃជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើង។ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន ក៏នឹងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហា តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍រួម ផងដែរ។
ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៦ នៅថ្ងៃទី៨ ខែមិថុនា រដ្ឋមន្រ្តីការបរទេស MLC នឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេល ៥ឆ្នាំកន្លងមក នៃកិច្ចសហប្រតិបត្តិការ កំណត់ទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការ ដែលកាន់តែទូលំទូលាយ។ ជាពិសេសក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ-១៩ ហើយនិងធ្វើឱ្យកាន់តែស៉ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តាប្រទេសមេគង្គ និងប្រទេសចិន ស្ថិតក្រោមស្មារតីលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយចីរភាព និងការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌ នៅក្នុងតំបន់មេគង្គ-ឡានឆាង។
ស្របគ្នាជាមួយកិច្ចប្រជុំទាំងពីរខាងលើ លោក ប្រាក់ សុខុន នឹងបំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសចិន ដែលក្នុងឱកាសនោះ លោកនឹងមានជំនួបទ្វេភាគីជាមួយលោក វ៉ាង យី ផងដែរ។
នៅចុងបញ្ចប់នៃជំនួបនេះ លោករដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ មានដូចខាងក្រោម៖
១៖ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ ព័ត៌មាន និង បច្ចេកវិទ្យាទំនាក់ទំនង រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន ។
២៖ គម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា និងក្រសួងវប្បធម៌ចិន។
ក្នុងឱកាសនៃការស្នាក់នៅទីក្រុងឆុងឈីង លោក ប្រាក់ សុខុន គ្រោងនឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនដោយផ្ទាល់ ដើម្បីពង្រឹងបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី៕