(បាត់ដំបង)៖ លោកវរសេនីយ៍ឯក យឹម វិចិត្រ មេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន ក្រោយប្រើប្រាស់អំពើហិង្សាលើកូនចៅរបស់ខ្លួន។ នេះបើតាមលិខិតបង្គាប់ការផ្អាកការងារ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។
ប្រការ១ នៃលិខិតបង្គាប់ការនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានផ្អាកការងារបណ្ដោះអាសន្នចំពោះ លោកវរសេនីយ៍ឯក យឹម វិចិត្រ អត្តលេខ ០៧៧៤៦ ឋាន មេបញ្ជាការ នៃវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ៨២៣។ មូលហេតុ លើ្មសវិន័យរបស់កងកម្លាំងនគរបាលជាតិ»។
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ក៏បានកំណត់ឲ្យលោកវរសេនីយ៍ឯក យឹម វិចិត្រ ត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី។
យ៉ាងណាមិញ ពាក់ព័ន្ធការសម្រេចដែលមិនទាន់បានមួយសប្ដាហ៍ផង ដោយចេញកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ស្រាប់តែមានព័ត៌មានលេចឮថា លោកវរសេនីយ៍ឯក យឹម វិចិត្រ កំពុងរង់ការខ្វែងដៃខ្វែងជើង ដើម្បីអន្ដរាគមន៍បានទៅបម្រើការងារនៅកន្លែងដើមរបស់ខ្លួនវិញ ជាមេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣។
ទន្ទឹមនឹងការលេចឮនេះ បានធ្វើឲ្យជនរងគ្រោះដែលត្រូវលោកវរសេនីយ៍ឯក យឹម វិចិត្រ ប្រើប្រាស់អំពើហិង្សាលើនោះ មានការភិតភ័យយ៉ាងខ្លាំង ដោយខ្លាចបុគ្គលនេះ ប្រព្រឹត្តអំពើមិនគម្បីលើខ្លួនជាថ្មីម្ដងទៀត នៅពេលបានទៅកាន់តំណែងនោះវិញ៕