(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងយកកែវផ្ទុកដំណក់ប្រេងលើកដំបូងរបស់ខ្លួន ដាក់រក្សាទុកនៅសារមន្ទីរវិមានឈ្នះ ឈ្នះ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីទុកជាកេរដំណែលប្រវត្តិសាស្រ្ត។
ពិធីប្រគល់ និងទទួល កែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា ដាក់តាំងនៅសារមន្ទីរវិមានឈ្នះ ឈ្នះ នៅថ្ងៃពុធនេះ នឹងធ្វើឡើង ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។
ការរកឃើញដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ត្រូវបានប្រកាស ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ចំនឹងថ្ងៃខួបលើកទី២២ នៃនយោបាយឈ្នះឈ្នះរបស់សម្តេច។
ការរកឃើញដំណក់ប្រេងលើកដំបូងនេះ គឺស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។
រាជរដ្ឋាភិបាល ធ្លាប់បានបញ្ជាក់ថា ចំណូលទទួលបានពីវិស័យប្រេងកាតនេះ នឹងត្រូវផ្តល់អាទិភាព ទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល៕