(ភ្នំពេញ)៖ ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ (FTA) មានការយឺតយ៉ាវជាងផែនការបន្ដិច ដោយសារបញ្ហាការរីករាលដាល នៃជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
បើទោះបីជាយ៉ាងនេះក្ដី លោក ស៊ាង ថៃ បានបញ្ជាក់ទៀតថា បញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩នេះ វាមិនអាចរាររាំងដំណើរការ នៃការចរចាបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ បានទេ។ ខណៈប្រទេសទាំងពីរ នឹងរកពេលវេលាសមស្រប ដើម្បីចុះហត្ថលេខា។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ស៊ាង ថៃ បានបញ្ជាក់ថា «ខាងកម្ពុជាយើង បាននិងកំពុងរៀបចំនីតិវិធីផ្ទៃក្នុង ស្នើសុំសិទ្ធិប្រទានពីប្រមុខរាជរដ្ឋាភិបាល សម្រាប់ឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខា។ ភាគីទាំងពីរ នឹងរកពេលវេលាសមស្រប ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀងនោះ»។
មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានបន្ថែមថា «ជាការពិត ការរាតត្បាតនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ខ្លះដែរ តែមិនអាចរាររាំងដំណើរការ នៃការចរចាបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ បានទេ គ្រាន់តែយឺតជាងផែនការបន្តិច»។
គូសបញ្ជាក់ថា កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ (FTA) ត្រូវបានប្រកាសបិទបញ្ចប់ជាផ្លូវការ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការចូលរួមពី លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងភាគីកូរ៉េខាងត្បូង ដឹកនាំដោយលោកស្រី យូ ម្យូងហ៊ី (Yoo Myung-Hee) រដ្ឋមន្រ្ដីពាណិជ្ជកម្មកូរ៉េខាងត្បូង។
បន្ទាប់ពីការប្រកាសបញ្ចប់ ការចរចាជាផ្លូវការ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ប្រទេសទាំងពីរ នឹងអនុវត្តនីតិវិធីក្នុងស្រុក សម្រាប់ចុះហត្ថលេខា លើកិច្ចព្រមព្រៀងទ្វេភាគីនេះ ដែលគ្រោងនឹងប្រព្រឹត្ត ទៅនៅពាក់កណ្តាល ឆ្នាំ២០២១។
ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ មានគោលបំណងពង្រឹងភាព ជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគី ឲ្យកាន់តែទំលំទូលាយ ដោយផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំង២។
កិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ ការនាំចេញរបស់កម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត លើទំនិញដែលធ្លាប់នាំចេញ នាពេលកន្លងមក មានដូចជា៖ ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។
សម្រាប់សាធារណរដ្ឋកូរ៉េ ក៏អាចជួយលើកកម្ពស់ ការនាំចេញរបស់ខ្លួនបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា រួមមាន៖ យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលផ្លាស្ទិក។
ជាក់ស្ដែង ពេញមួយឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េ សម្រេចបានសរុបចំនួន ៧២៩.១៣លានដុល្លារអាមេរិក កើនឡើង១៧.៣១ភាគរយ បើបៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន៨៨១.៧៦លានដុល្លារ៕