(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា កិច្ចប្រជុំទ្វេភាគីកម្ពុជា-ចិន លើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ទទួលបានលទ្ធផល និងបទពិសោធន៍ ក្នុងការងារជួយគ្នាទៅវិញទៅមកបង្រ្កាបបទល្មើសនានា ពាក់ព័ន្ធនឹងគ្រឿងញៀន ហើយភាគីទាំងពីរកម្ពុជា-ចិន បន្តសហការគ្នាជាបន្តទៀត ពោលកាន់តែខ្លាំងជាមុន និងមានប្រសិទ្ធភាព។
ការឱ្យដឹងបែបនេះរបស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីកម្ពុជា-ចិន លើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ដែលកម្ពុជាបានទទួលធ្វេីជាម្ចាស់ផ្ទះ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះ ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ និងភាគីចិន ដឹកនាំដោយលោក លាំង យុន អគ្គលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀនចិន (NNCC) និងជាអគ្គនាយកការិយាល័យ ត្រួតពិនិត្យគ្រឿងញៀន នៃក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការអញ្ជេីញចូលរួមពីតំណាងស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងលោក លោកស្រី ជាអគ្គស្នងការរង អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងអ្នកពាក់ព័ន្ធនៃស្ថាប័នត្រួតពិនិត្យគ្រឿងញៀននៃប្រទេសទាំងពីរកម្ពុជា-ចិន ផងដែរ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «កិច្ចប្រជុំទ្វេភាគីកម្ពុជា-ចិន លេីកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ទទួលបានលទ្ធផល និងបទពិសោធន៍ ក្នុងការងារជួយគ្នា ទៅវិញទៅមក បង្រ្កាបបទល្មើសនានា ពាក់ព័ន្ធនឹងគ្រឿងញៀន ភាគីយេីងទាំងពីរកម្ពុជា-ចិន បន្តសហការគ្នាជាបន្តទៀត ហេីយកាន់តែខ្លាំងជាមុនមានប្រសិទ្ធភាពជាងមុន»។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណដល់ភាគីមិត្តដែកថែបចិន ពិសេសគណៈកម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀនចិន NNCC ដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រកម្ពជា ពិសេសអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ តម្រូវការគ្រឿងញៀននៅតាមបណ្តាប្រទេសនីមួយៗ រួមទាំងទីផ្សារគ្រឿងញៀនខុសច្បាប់មានការកើនឡើងច្រើនជាងមុនតម្រូវឱ្យមន្រ្តីអនុវត្តច្បាប់របស់យើង ត្រូវបង្កើនកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ និងពិភពលោកជាអាទិ៍ តាមរយៈការផ្លាស់ប្តូរព័ត៌មានបំផ្លាញបាននូវបណ្តាញក្រុមឧក្រិដ្ឋជនគ្រឿងញៀនសញ្ជាតិចិន ចាប់យកបាននូវគ្រឿងញៀន និងសារធាតុគីមីផ្សំបានជាច្រើនរយគីឡូក្រាម។
ជាការឆ្លេីយតបលោក លាំង យុន បានកោតសសេីរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់កម្ពុជា ក្នុងការបង្ការ បង្រ្កាបបទល្មើសគ្រឿងញៀនទោះបីកម្ពុជា កំពុងប្រឈមមុខនឹងបញ្ហាជាច្រេីនយ៉ាងណាក្តី ហេីយភាគីចិនបន្តសហការជួយដល់កម្ពុជាលេីការបំផ្លាញដល់ឫសគល់របស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនអន្តរជាតិ រួមទាំងក្រុមឧក្រិដ្ឋជនជាជនជាតិចិន ធ្វេីយ៉ាងណាកុំឱ្យឧក្រិដ្ឋជនទាំងនោះប្រេីប្រាស់ទឹកដីកម្ពុជា ជាកន្លែងផលិត ជួញដូរគ្រឿងញៀនទៅកាន់ប្រទេសទី៣។
សូមបញ្ជាក់ថា កិច្ចប្រជុំទ្វេភាគីកម្ពុជា-ចិន លេីកទី១០ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀននឹងរៀបចំក្នុងប្រទេសចិន៕