(ស្វាយរៀង)៖ ក្រោយពីមានករណីពុលស្រា-ស ស្លាប់នៅតាមបណ្តាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យទំនិញតាមដានទៅលើទីតាំងឱសថស្ថានលក់អាល់កុល ជែលនិងកន្លែងផលិតស្រា-ស ស្រាថ្នាំ និងហាងលក់ស្រាស នៅក្រុងស្វាយរៀង និង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជាលទ្ធផល ក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញបានរកឃើញទំនិញអាល់កុលក្លែងក្លាយ ចំនួន១៥លីត្រ មានសារធាតុមេតាណុល ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញអាល់កុលក្លែងក្លាយទាំងនោះ ធ្វើការកម្ទេចចោលតែម្តង។

លោក ផឹង និល ប្រធានសាខា (កបប) ខេត្ត បានឱ្យដឹងថា ដោយមានការណែនាំពីលោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន (កបប) មន្ត្រីជំនាញបានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលអាល់កុល ជែលលាងដៃ និងតាមដានតម្លៃទំនិញ នៅតាមបណ្ដាឱសថស្ថាន ជាពិសេសពិនិត្យទីតាំងផលិតស្រា-ស នៅភូមិតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ និងបានត្រួតពិនិត្យទៅលើអាល់កុល ជែលលាងដៃនៅតាម ឱសថស្ថានចំនួន ១៣ទីតាំង និងស្រា-ស ស្រាថ្នាំចំនួន ១២ទីតាំង មន្ត្រីបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមទៅលើអាល់កុល ជែលលាងដៃ និង ស្រាស ស្រាថ្នាំ ដើម្បីស្វែងរកសារធាតុមេតាណុល ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា «ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញអាល់កុលក្លែងក្លាយ ចំនួន ១៥លីត្រ មានសារធាតុមេតាណុល ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញ អាល់កុលក្លែងក្លាយទាំងនោះធ្វើការកម្ទេចចោលតែម្តង»

លោកបានបន្ថែមថា ក្រោយពីមន្ត្រីជំនាញបានធ្វើតេស្តទៅលើស្រា-ស ឃើញថាពុំបានដាក់សារធាតុមេតាណុលដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ ហើយមន្ត្រីជំនាញបានធ្វើការណែនាំឱ្យអ្នកផលិតស្រាសនៅខេត្តស្វាយរៀង ត្រូវបិទស្រាទៅតាមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ គឺបិតពីអង្ករសុទ្ធ ជៀសវាងកេងចំណេញដាក់សារធាតុហាមឃាត់ដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ខេត្តស្វាយរៀង គឺជាខេត្តមួយដែលប្រជាពលរដ្ឋចូលចិត្តបិតស្រា-ស អង្ករខ្មែរ ដែលមានរសជាតិប្លែកពីស្រា-ស ពីបណ្តាខេត្តផ្សេងៗ ហើយពុំដែលធ្វើឱ្យប្រជាពលរដ្ឋពុលស្លាប់នោះដែរ ដោយសារប្រជាពលរដ្ឋខេត្តមួយនេះ មានជំនាញតាំងពីដើមរៀងមក គឺបិទស្រា-ស ជាមួយអង្ករសុទ្ធលាយមេ ដែលនាំចូលពីប្រទេសជិតខាង ឬមេស្រាដែលផ្សំឡើងដោយអ្នកផលិតផ្ទាល់តែម្តង។

ស្រា-ស គឺជាជីវិតប្រចាំថ្ងៃរបស់ជនជាតិខ្មែរក៏ ដូចជាជនជាតិអាស៊ីទាំងមូល ដែលមានប្រវត្តិតាំងពីរាប់រយឆ្នាំកន្លងមកហើយ ហើយស្រាសនេះទៀតសោធ ក៏បានរួមចំណែកយ៉ាងធំធេង គឺមិនត្រឹមតែសម្រាប់ផឹកប៉ុណ្ណោះទេ វាក៏បានចូលរួមក្នុងវិស័យម្ហូបអាហារ និងសម្រាប់ធ្វើជាឱសថព្យាបាលផងដែរ៕