(កណ្តាល)៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានផ្អាកដំណើរការតូបលក់ដូរមួយចំនួន នៅផ្សារព្រែកតាមាក់ ដែលពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គិតពីថ្ងៃទី៨ រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

បើតាមលិខិតរបស់រដ្ឋបាលស្រុកដែលបណ្តាញព័ត៌មាន Fresh Newes ទទួលបាននៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ឈ្មោះ វី វួចលី ភេទស្រី និងឈ្មោះ សែ ផានិត មានទីលំនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាអាជីវករលក់គ្រឿងអលង្ការ (លក់មាស) នៅក្នុងផ្សារព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បាននាំប្រពន្ធទៅពិនិត្យសុខភាពត្រៀមសម្រាកកូននៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (មន្ទីរពេទ្យជប៉ុន) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានយកសំណាកអ្នកជំងឺខាងលើ ទៅពិនិត្យរកជំងឺកូវីដ-១ ៩ លទ្ធផលចេញមក គឺវិជ្ជមានទាំងពីរនាក់។ ប្រវត្តិដំណើររបស់អ្នកជំងឺកូវីដ១៩ទាំងពីរនាក់ គឺបានមកលក់ដូរ (លក់មាស) នៅក្នុងផ្សារព្រែកតាមាក់ និងបានចូលទៅពាក់ព័ន្ធជាមួយអ្នកលក់ដូរក្នុងផ្សារដ៏ទៃទៀតផងដែរ។

រដ្ឋបាលស្រុកខ្សាច់កណ្តាល មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនជាអាជីវករលក់ដូរក្នុងផ្សារព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៧ ខេមិថុនា ឆ្នាំ២០២១ ទាំងអស់ សូមអញ្ជើញមកយកសំណាកពិនិត្យឱ្យបានគ្រប់ៗគ្នា នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល៕