(កំពត)៖ រដ្ឋបាលខេត្តកំពត នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីការស្លាប់របស់មនុស្ស២នាក់ដោយសារជំងឺកូវីដ១៩ និងជូនដំណឹងពីការរកឃើញមនុស្សចំនួន៣៤នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ទាំង២នាក់នោះ នៅស្រុកកំពង់ត្រាច និងស្រុកអង្គរជ័យ។

ដោយឡែក អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មី ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាល និងមន្ទីរពេទ្យបង្អែកខេត្តកំពត ហើយបច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់ បាននិងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធក្នុងករណីនេះបន្ដទៀត។

រដ្ឋបាលខេត្តកំពត សូមធ្វើការអំពាវនាវដល់អ្នកពាក់ព័ន្ធ សូមធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រសិនបើមានបញ្ហាសុខភាព សូមទៅយកសំណាកនៅសាលាវិទ្យាល័យព្រះបិតាជាតិ ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត៕