(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមិថុនា នេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣៥នាក់ទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ករណីទី១ ដល់ទី១៧ គឺជាករណីឆ្លងរាលដាលក្នុងសហគមន៍ ដែលមានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនឹងប្រភពដើមមកពីស្រុកជីក្រែង។

ករណីទី១៨ ជាករណីមករកសេវាព្យាបាលនៅមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន។

ដោយឡែក ករណីទី១៩ ដល់ទី៣៥ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឪ។

នៅថ្ងៃនេះដែរ ក៏មានអ្នកជាសះស្បើយ៤នាក់បន្ថែមទៀត ដែលក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩៤នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១១៧នាក់ ស្លាប់៣នាក់ និង៣៧៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕