(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៣,០០០,២៦៤នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៣០%។ នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ។

សូមជំរាបថា អ្នកចាក់វ៉ាក់សាំងទី១លាន គឺបានទៅលើ លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ លោក ប៉ាន់ សុវណ្ណរិទ្ធិ ជាអ្នកចាក់វ៉ាក់សាំងទី១លាន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១កន្លងទៅ កម្ពុជាបានចាក់វ៉ាក់សាំងដល់ជនទី២លាន ដែលជនទី២លានបានទៅលើអ្នកស្រី ទិត ចិន្តា ជាកម្មការិនីរោងចក្រ នៅរាជធានីភ្នំពេញ។

រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជនចាក់វ៉ាក់សាំងទី១ គឺលោក ហ៊ុន ម៉ាណែត បុត្រាច្បងរបស់សម្តេចតេជោ។ រហូតមកដល់ពេលនេះពលរដ្ឋកម្ពុជាចំនួនជាង ៣លាននាក់ បានចាក់វ៉ាក់សាំងរួចរាល់។

កន្លងមកសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមានអាយុ១៨ឆ្នាំឡើង ដែលនឹងត្រូវចាក់វ៉ាក់សាំងតែ ១០លាននាក់ប៉ុណ្ណោះ។ សម្តេចតេជោ បានបន្ថែមថា ការចាក់វ៉ាក់សាំងនេះ ក៏បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញ ដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព៕