(ពោធិ៍សាត់)៖ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហែម មុនី ស្នងការរង ទទួលផែនគ្រឿងញៀន បានចុះប្រតិបត្តិការណ៍ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន៣ករណីផ្សេងគ្នា និងបើកបរក្រោមឥទ្ធិពលគ្រឿងញៀន ចំនួន ១ករណីទៀត ឃាត់ខ្លួនជនសង្ស័យ០៦នាក់ និងវត្ថុតាងគ្រឿងញៀនមួយចំនួនធំ។

ប្រតិបត្តិការណ៍ខាងលើនេះ ធ្វើឡើងនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅ៤ទីតាំងផ្សេងគ្នា ក្រោមកិច្ចចង្អុលការពីលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ ហែម មុនី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សា បានឱ្យដឹងថា លទ្ធផលនៃការបង្ក្រាបរួម០៤ករណីផ្សេងគ្នា កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យ០៦នាក់, រឹបអូសគ្រឿងញៀន (Ice) ចំនួន១១កញ្ចប់តូច ទម្ងន់៤២.៤៧ក្រាម, រថយន្ត០១គ្រឿង, ទូរស័ព្ទ០៥គ្រឿង, ម៉ូតូ០២គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង, ប្រាក់រៀល១,៥៥០,០០០រៀល និងសម្ភារបម្រើឱ្យការជួញដូរ និងប្រើប្រាស់មួយចំនួនធំ។

លោកស្នងការរង បានឱ្យដឹងទៀតថា នាវេលាម៉ោង១១៖៤៥នាទីព្រឹក នៅចំនុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឆ្លងកាត់ សង្កាត់រលាប និងរឹបអូសបានវត្ថុតាងមួយចំនួន ធ្វើតេស្តទឹកនោមវិជ្ជមាន(+)។

នាវេលាម៉ោង ០២៖២៤នាទីរសៀល នៅចំណុចបន្ទប់ជួលលេខ០១ ក្រោយអាហារដ្ឋាន THE ឆ្ងាញ់ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កម្លាំងបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ទី១៖ ឈ្មោះ ឈឹម ឆេងហួរ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ, ទី២៖ ឈ្មោះ យ៉ងយ៉ុង សុភក្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ និងរឹបអូសបានវត្ថុតាងមួយចំនួនធំ ធ្វើតេស្តទឹកនោមវិជ្ជមាន(+)។

នាវេលាម៉ោង ០៦៖៣៣នាទីល្ងាច នៅចំណុចផ្ទះឈ្មោះ ហែម ចាន់ណា ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កម្លាំងបានឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១៖ ឈ្មោះ អ៉ឹង ប៊ុនថាន់ (ហៅ៧៩) ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ, ទី២៖ ឈ្មោះ ស៊ីវ រ៉ានុត (ហៅ ឆួយ) ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ និងរឹបអូសបានវត្ថុតាងមួយចំនួនធំធ្វើតេស្តទឹកនោមវិជ្ជមាន(+)។

ដោយឡែក នាវេលាម៉ោង០២៖១៥នាទីរសៀល នៅចំណុចគីឡូម៉ែត្រលេខ១៨៣/១៨៤ ផ្លូវជាតិលេខ០៥ ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ិន មករា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប បើកបរក្រោមឥទ្ធិពលគ្រឿងញៀន លទ្ធផលធ្វើតេស្តទឹកនោមវិជ្ជមាន(+)។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានឃាត់ខ្លួនតាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕