(ស្វាយរៀង)៖ ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ ខេត្តស្វាយរៀង បានបន្តសម្រាលកូនឱ្យអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ បានដោយជោគជ័យ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។

មន្ទីរពេទ្យខេត្តស្វាយរៀង បានឲ្យដឹងថា នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃនេះ ក្រុមគ្រូពេទ្យបានសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ ដែលវិជ្ជមានកូវីដ១៩ មានអាសយដ្ឋាននៅភូមិស្វាយធំ ឃុំស្វាយរំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡីស័កនិងព្យាបាលជំងឺដោយទទួលបានកូនប្រុសម្នាក់ទម្ងន់ ១.៧គីឡូក្រាម។

ព្រមជាមួយគ្នានេះ នៅវេលាម៉ោង១៣៖៣០នាទីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀង បានវះកាត់យកកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ ដែលវិជ្ជមានកូវីដ១៩ មានអាសយដ្ឋាននៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលកំពុងធ្វើចត្តាឡីស័ក និងព្យាបាលជំងឺ ដោយទទួលបានកូនប្រុសម្នាក់ទម្ងន់ ៣.៧គីឡូក្រាម ដែលនេះជាករណីទីដប់ផងដែរ សម្រាប់មន្ទីរពេទ្យខេត្តស្វាយរៀង ដែលបានជួយសម្រាលកូនដល់អ្នកកើតជំងឺកូវីដ១៩។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានឲ្យដឹងថា ខេត្តស្វាយរៀងបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ មានចំនួនសរុប ១,២៨៩ នាកស្រី ៧៤១នាក់ ករណីជាសះស្បើយចំនួន ៨៦១នាក់ ស្រី ៥០៩នាក់ ករណីកំពុងសម្រាកព្យាបាល ៤១០នាក់ស្រី ២៣០នាក់ និងករណីស្លាប់មានចំនួន ៧នាក់ ស្រី ២នាក់៕