(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានប្រកាសភាពជាដៃគូដំបូងបំផុត ដើម្បីបញ្ចូលឯកសារបោះពុម្ពផ្សាយក្នុងទម្រង់ឌីជីថល របស់ធនាគារអភិវឌ្ឍន៍អាស៊ីមាន ទៅក្នុងបណ្ណាល័យអនឡាញរបស់ CDRI រួមជាមួយកម្មវិធីផ្សព្វផ្សាយសៀវភៅសំខាន់មួយស្តីអំពី «ដំណើរឆ្ពោះទៅកាន់វិបុលភាពរបស់អាស៊ី៖ គោលនយោបាយ ទីផ្សារ និងបច្ចេកវិទ្យា ក្នុងរយៈពេលជាង ៥០ឆ្នាំ»។

នៅប្រទេសកម្ពុជា CDRI គឺជាមជ្ឈមណ្ឌលចំណេះដឹងដំបូងគេ ដែលត្រូវបានជ្រើសរើសជាដៃគូ សម្រាប់បណ្ណាល័យបញ្ញើផ្លូវការ នៃកម្មវិធីបណ្ណាល័យបញ្ញើរបស់ ADB។ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន១៥ នៅទូទាំងទ្វីបអាស៊ីនិងប៉ាស៊ីហ្វិក ដែលត្រូវបានជ្រើសរើសសម្រាប់កម្មវិធីនេះ ក្នុងបំណង លើកកម្ពស់ចំណេះដឹង និងភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហានានាក្នុងការងារអភិវឌ្ឍន៍ប្រទេស។

នាយិកាប្រចាំប្រទេសកម្ពុជា របស់ADB លោកស្រី Sunniya Durrani-Jamal បានថ្លែងថា «ប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានលើសពីការផ្តល់ជំនួយហិរញ្ញប្បទាន ដោយរួមបញ្ចូល នូវការផ្តល់នូវចំណេះដឹងសម្រាប់ដំណោះស្រាយ ដែលជាមធ្យោបាយល្អបំផុតដើម្បីធានាកំណើន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ តួនាទីនេះកាន់តែមានសារៈសំខាន់ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងងើបចេញពីវិបត្តិសុខភាពសាធារណៈ និងសេដ្ឋកិច្ច ដែលបណ្តាលមកពីកូវីដ១៩»

រៀងរាល់ត្រីមាស ធនាគារអភិវឌ្ឍន៍អាស៊ី រំពឹងថានឹងចែករំលែកយ៉ាងហោចណាស់ ការបោះពុម្ពផ្សាយចំនួន ៥០ ដល់ CDRI ដែលរួមមានឯកសារស្តីពីវិស័យជាច្រើនដូចជា ផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកជញ្ជូន ពាណិជ្ជកម្ម បរិស្ថាននិងធនធានធម្មជាតិ ការអប់រំ យេនឌ័រ កសិកម្ម និងភាពច្នៃប្រឌិត។

ក្នុងឱកាសផ្សព្វផ្សាយកិច្ចសហការជាដៃគូសម្រាប់បណ្ណាល័យបញ្ញើអនឡាញនេះដែរ ADB និង CDRI ក៏បានផ្សព្វផ្សាយអំពីសៀវភៅសំខាន់មួយស្តីអំពី «ដំណើរឆ្ពោះទៅកាន់វិបុលភាពរបស់អាស៊ី៖ គោលនយោបាយ ទីផ្សារ និងបច្ចេកវិទ្យា ក្នុងរយៈពេលជាង ៥០ឆ្នាំ»។ សៀវភៅនេះបកស្រាយទិដ្ឋភាពទូទៅ នៃការលូតលាស់និងការផ្លាស់ប្តូរនៅអាស៊ីក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយ ព្រមទាំងពិភាក្សាមេរៀនគោលនយោបាយសំខាន់ៗ ទាញចេញពីបទពិសោធន៍ក្នុងតំបន់។

នាយកប្រតិបត្តិស្តីទី CDRI បណ្ឌិត អេង នេត្រា បានថ្លែងថា «សៀវភៅស្តីពីដំណើរឆ្ពោះទៅកាន់វិបុលភាពរបស់អាស៊ី ស្ថិតក្នុងចំណោមឯកសារចំណេះដឹងរបស់ ADB ជាច្រើនក្នុងទម្រង់ឌីជីថលដែលមានក្នុងបណ្ណាល័យអនឡាញរបស់ CDRI។ CDRI ជឿជាក់ថា ភាពជាដៃគូសម្រាប់បណ្ណាល័យអនឡាញនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្សនៅកម្ពុជា។ រហូតមកដល់ពេលនេះ CDRI បានបញ្ចូលឯកសារដែលបានបោះពុម្ពផ្សាយដោយADB ចំនួនជាង ១.០០០ ហើយទៅក្នុងបណ្ណាល័យអនឡាញរបស់យើង ដែលអាចចូលទៅមើលបាននៅ <http://library.cdri.org.kh> ដោយមិនគិតថ្លៃ សម្រាប់សាធារណៈទូទៅ អ្នកសិក្សាស្រាវជ្រាវ ក្រុមអ្នកជំនាញ ស្ថាប័ននានារួមមានភ្នាក់ងាររាជរដ្ឋាភិបាល វិស័យឯកជន ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល»

បច្ចុប្បន្នធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តគម្រោងវិនិយោគដែលមានទឹកប្រាក់ ២.១ ពាន់លានដុល្លារនៅកម្ពុជា តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសឆ្នាំ ២០១៩-២០២៣ ដោយមានបញ្ចូលកម្មវិធីជំនួយបច្ចេកទេស និងចំណេះដឹងដ៏ទូលំទូលាយ។ នៅឆ្នាំ២០២១ ADB គ្រោងនឹងបោះផ្សាយ ឯកសារចំណេះដឹងចំនួន ២៧ និងរៀបចំកម្មវិធីផ្សព្វផ្សាយចំណេះចំនួន ១១ បន្ថែមទៀត រួមទាំងឯកសារ និងកម្មវិធីដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើបឡើងវិញរបស់ប្រទេសកម្ពុជា ពីការរាតត្បាតកូវីដ១៩៕