(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា កម្ពុជា-វៀតណាម ប្ដេជ្ញារួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការបង្កើតភូម/ឃុំ-ស គ្មានគ្រឿងញៀននៅតាមព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ជាមុន នូវការរត់ពន្ធគ្រឿង ឆ្លងដែន នៃប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត បើទោះបីជាស្ថិតនៅក្នុងបរិបទ នៃការឆ្លងជំងឺកូវីដ១៩ជាកសលយ៉ាងណាក៏ដោយ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបពិភាក្សាការងារ រវាងឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោក Vu Quamg Mimnh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ នៅទីស្ដីការគណៈរដ្ឋមន្រ្តី។ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជានឹងបន្តបង្កើនកិច្ចសហកិច្ចសហប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមបណ្ដោយព្រំដែនជាមួយភាគីវៀតណាមបន្ថែមទៀត ដើម្បីធ្វើសកម្មភាពព្រមៗគ្នា ក្នុងការធ្វើសកម្មភាពល្បាតត្រួតពិនិត្យ ស្រាវជ្រាវ ស៊ើបអង្កេត បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស គ្រឿងញៀនឱ្យសម្រេចបានលទ្ធផលល្អប្រសើរ ក្នុងទិសដៅប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់-ស គ្មានគ្រឿងញៀន»

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា ក្រៅពីកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីវៀតណាម អាជ្ញាធរពាក់ព័ន្ធទាំងអស់ ក៏ត្រូវបង្កើនយុទ្ធនាការឃោសនាប្រមូលផ្តុំកម្លាំងគាំទ្រពីមហាជន និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ឱ្យចូលរួម ក្នុងចលនាប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែសកម្មបន្ថែមទៀត ដើម្បីលើកកម្ពស់ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅតាមតំបន់ព្រំដែនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ឆ្លើយតបចំពោះកិច្ចការនេះ លោក Vu Quamg Mimnh បានឯកភាពចំពោះការបង្កើតឱ្យមានភូម ឃុំ-ស គ្មានគ្រឿងញៀននៅតាមព្រំដែនទាំងភាគីវៀតណាម និងកម្ពុជា ដើម្បីធ្វើការរួមគ្នាក្នុងការបង្កើនសកម្មភាពស្រាវជ្រាវប្រមូលព័ត៌មានពាក់ព័ន្ធបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីក្តាប់ភូមិសាស្រ្តនៃការចរាចរណ៍លួចដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ព្រំដែនទៅមក និងមានវិធានការដោះស្រាយបង្ក្រាប ឱ្យបានទាន់ពេលវេលា។

សូមជម្រាបថា ក្រសួងមហាផ្ទៃ ក៏បានបានដាក់ចេញនូវផែនការ ស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមបណ្តោយព្រំដែន ដោយផ្ដោតសំខាន់លើការ ដោះស្រាយ និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែន ឱ្យស្ថិតក្នុងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅតាមតំបន់ព្រំដែនឱ្យកាន់តែល្អប្រសើរឡើងដោយរួមសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចៀសឱ្យបាននូវឥទ្ធិពលអវិជ្ជមាននានាបណ្ដាលមកពីគ្រឿងញៀន៕