(កំពង់ឆ្នាំង)៖ លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រាប់ឲ្យមន្ត្រីជំនាញ និងមន្ទីរកសិកម្មខេត្ត បន្តផ្តល់ការគាំទ្រ និងបណ្ដុះបណ្ដាលដល់សហគមន៍ ក្នុងការធ្វើកសិកម្មទំនើប ទាំងផ្នែកបច្ចេកទេសដាំដុះ និងការគ្រប់គ្រង។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន និងក្រុមការងារ ចុះពិនិត្យការងារដាំដុះបន្លែសុវត្ថិភាព របស់សហគមន៍កសិកម្មទឹកហូតមានជ័យ ក្តីសង្ឃឹម ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះ លោក វេង សាខុន បានផ្តាំផ្ញើឲ្យមន្ត្រីជំនាញ និងមន្ទីរកសិកម្មខេត្ត បន្តផ្តល់ការគាំទ្រ និងបណ្ដុះបណ្ដាលដល់សហគមន៍ ក្នុងការធ្វើកសិកម្មទំនើប ទាំងផ្នែកបច្ចេកទេសដាំដុះ គ្រប់គ្រង និងទីផ្សារធ្វើយ៉ាងណាពង្រីកការចងក្រងសមាជិកបណ្តុំសមាគមន៍ឲ្យកាន់តែធំ និងកាន់តែរឹងមាំ។

នាព្រឹកថ្ងៃដដែល លោករដ្ឋមន្ត្រី វេង សាខុន និងក្រុមការងារ ក៏បានបន្តដំណើរមកកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ ហៃ លេខ នៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោករដ្ឋមន្ត្រី វេង សាខុន បានធ្វើការកោតសរសើរ និងលើកទឹកចិត្តចំពោះការព្យាយាម និងខិតខំប្រឹងប្រែងរបស់លោក សុខ ហៃ ក្នុងការប្រកាន់ភ្ជាប់របរចិញ្ចឹមត្រី ដើម្បីលើកកម្ពស់វិស័យវារីវប្បកម្មក្នុងស្រុក ហើយក៏សារទរចំពោះព័ត៌មាន ដែលទទួលបានពាក់ព័ន្ធនឹងទីផ្សារ និងតម្លៃក្នុងខេត្តកំពង់ឆ្នាំងផងដែរ។

លោករដ្ឋមន្ត្រី ក៏បានណែនាំដល់លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងមន្ទីររាជធានី-ខេត្ត ទាំងអស់ត្រូវខិតខំសិក្សា ស្រាវជ្រាវ ពិសោធ និងផលិតពូជត្រីដែលមានគុណភាព លើកកម្ពស់ការងារបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ។

ក្នុងគោលបំណង ដើម្បីបង្កើនគុណភាពផលត្រី និងភាពប្រកួតប្រជែង ផ្តល់ការលើកទឹកចិត្ត និងជួយផ្សាភ្ជាប់រវាងវារីវប្បករ ដែលជាអ្នកផលិត និងអ្នកប្រមូលទិញ ជាពិសេសពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធ នឹងការលួចនាំចូលខុសច្បាប់។

តាមរបាយការណ៍ បានឲ្យដឹងថា សម្រាប់៦ខែ ដើមឆ្នាំ២០២១ ទិន្នផលវារីវប្បកម្មសរុបរួមរបស់ខេត្តកំពង់ឆ្នាំង បានប្រមាណជា ១០ ៥០០តោន ក្នុងនោះ ស្រះដំណើរការមានចំនួន ៦៣១ ស្រះ ទទួលបានផលត្រីស្មើនឹង ៣ ២០០តោន និងមានបែសរុបរួមមាន ៧៤០បែ ស្មើ ៧ ៣០០តោន។

ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២០កន្លងទៅមានការចិញ្ចឹម និងនាំចេញត្រីខ្យាទៅសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ បានជាង ២៥០តោន និងក្នុងឆ្នាំ២០២១ នេះបានប្រមាណជា ១៨០ តោនផងដែរ៕