(ភ្នំពេញ)៖ ទីបំផុត ! គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានសម្រេចជ្រើសរើស លោក ប្រាជ្ញ ច័ន្ទ អតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីដាក់ជូនកិច្ចប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។ នេះបើតាម លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ។

លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា លិខិតរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជូនមកដល់ អគ្គលេខាធិការនៅថ្ងៃទី១៦ ខែមិថុនានេះ ហើយបន្ទាប់ពីនោះ រដ្ឋសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីកំណត់កិច្ចប្រជុំពេញអង្គ នៅថ្ងៃខាងមុខ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើបេក្ខជនប្រធានគ.ជ.ប លោក ប្រាជ្ញ ចន្ទ។

លោកបានបន្ថែមទៀតថា នៅថ្ងៃទី១៦ ខែមិថុនានេះដែរ លោក ប្រាជ្ញ ចន្ទ ក៏បានដាក់ពាក្យលាលែងពីតំណែង ប្រធានគណៈកម្មការទី១ និងសមាជិករដ្ឋសភារបស់លោកផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋសភា បានទទួលយកបេក្ខជន២រូប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីដាក់ជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ជ្រើសរើសដើម្បីដាក់ជូនកិច្ចប្រជុំសភាពេញអង្គ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។ បេក្ខជនទាំង២រូបនោះ រួមមានទី១៖ លោក ប្រាជ្ញ ចន្ទ អតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និង ទី២៖ លោក កា លាន ដែលសុទ្ធសឹងតែជាអ្នកច្បាប់។

ការរៀបចំនីតិវិធី ដើម្បីជ្រើសរើសប្រធានគ.ជ.បថ្មី បានធ្វើឡើងបន្ទាប់ពី លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងពីតំណែង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានបញ្ហាសុខភាព។ លោកស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគ.ជ.ប កាលពីឆ្នាំ២០១៥ ក្រោយពេលការជាប់គាំងផ្នែកនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៣៕