(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យ ឬហៅថា «ទាហានឈុត ស» ក្នុងការប្ដូរជីវិតលះបង់គ្រួសារ ដើម្បីពុះពារខិតខំព្យាបាលជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ ដើម្បីព្យាបាលអ្នកជំងឺជាច្រើននាក់ រហូតមានការជាសះស្បើយជាច្រើននាក់ នៅក្នុងមូលដ្ឋានខេត្តជាដើម។

ការកោតសសើរបែបនេះ របស់លោក ជា សុមេធី នៅក្នុងឱកាសលោកបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខដល់ក្រុមទាហានឈុត ស និងអ្នកជំងឺកូវីដ១៩ ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ និងស្រុកមេសាង នៅព្រឹកថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២១នេះ។

ជាមួយគ្នានេះ លោកអភិបាលខេត្តបានថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យ (ទាហានឈុតស) និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងខេត្តព្រៃវែង និងសូមជៀសផុតពីជំងឺកូវីដនេះ ទាំងអស់គ្នា។

លោកបានឱ្យដឹងថា សម្ភារៈ ដែលបានចែកជូនក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ និងលោកគ្រូ អ្នកគ្រូពេទ្យក្នុងស្រុកទាំងពីរនេះ សម្រាប់ប្រើប្រាស់ចាំបាច់បឋមជាមួយថវិកាមួយចំនួន ដើម្បីសម្រាលដល់ទុក្ខលំបាកខ្លះៗ ត្បិតថា មិនគ្រប់គ្រាន់ក៏ពិតមែន ក៏ប៉ុន្តែនេះជាការគាំទ្រ និងលើកទឹកចិត្តជាពិសេស ក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ១៩នេះ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលកើតជំងឺកូវីដ១៩ អញ្ជើញមកសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រូវថែទាំសុខភាពដោយខ្លួនឯងឱ្យបានខ្ជាប់ខ្ជួន ហើយត្រូវហូបចុះឱ្យបានគ្រប់គ្រាន់។

បើតាមលោក ជា សុមេធី បានឱ្យដឹងថា បើគិតត្រឹមគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ១,០១២នាក់ បានព្យាបាល ជាសះស្បើយ ៤៩១នាក់ កំពុងសំរាកព្យាបាល ៥១០នាក់ និងស្លាប់ ១១នាក់។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសចុះសួរសុខទុក្ខនោះលោកអភិបាលខេត្ត ក៏បាននាំមកនូវអំណោយជូនមាន៖ ក្នុងមួយមន្ទីរពេទ្យបង្អែកទទូលបានអង្ករ ២តោន អាល់កុល ៥កាន ម៉ាស ១ម៉ឺនម៉ាស ទឹកបរិសុទ្ធ ២០កេស និងមី ២កេសធំ៕