(កំពត)៖ អាជ្ញាធរខេត្តកំពត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីករណីស្លាប់ស្ត្រី អាយុ៨១ឆ្នាំ ចំនួន០១នាក់ ដោយវិបត្តិផ្លូវដង្ហើមស្រួចស្រាវ (Acute Respiratory) រលាកសួតធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តកំពត បានឱ្យដឹងថា យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពត បានបញ្ជាក់ថា «ស្ត្រីឈ្មោះ សុខ គឹម អាយុ៨១ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្នល់បែក ឃុំរកាក្រៅ ស្រុកដូនកែវ ខេត្តតាកែវ បានចូលមកសម្រាកព្យាបាល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៨៖១០នាទី នៅមន្ទីរពេទ្យបង្អែកអង្គរជ័យ ក្នុងសភាពអស់កម្លាំង ហត់ ដង្ហក់ ស្បែកឡើងស្វាយ និងក្អកខ្លាំង។ ក្រុមគ្រូពេទ្យបានធ្វើការសង្គ្រោះបន្ទាន់ តាមលក្ខណៈបច្ចេកទេស ប៉ុន្តែដោយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗ មិនអាចសង្គ្រោះបានអ្នកជំងឺបានទទួលមរណភាពនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៨៖៤០នាទីយប់»

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យស្ត្រី អាយុ៨១ឆ្នាំ ខាងលើបានស្លាប់ដោយវិបត្តិផ្លូវដង្ហើមស្រួចស្រាវ (Acute Respiratory) រលាកសួតធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩។ រដ្ឋបាលខេត្តកំពត មានការសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំ ជាទីបំផុតជាមួយក្រុមគ្រួសារសព៕