(ក្រចេះ)៖ កម្លាំងស្នាក់ការសន្តិសុខ៧០៧ និងកម្លាំងអាវុធហត្ថ ស្រុកស្នួល ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃុន សុយាន មេបញ្ជាការស្នាក់ការសន្តិសុខ៧០៧ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានចុះបង្រ្កាបទីតាំងកែច្នៃ អាវុធខុសច្បាប់ និងរក្សាទុក ០១កន្លែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ស្ថិតនៅចំណុចអូរសាឡូង ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

យោងតាមរបាយការណ៍អាវុធហត្ថខេត្ត បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ហ៊ន បូរិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅទីតាំងបង្រ្កាបខាងលើ។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ កាំភ្លើងកែឆ្នៃ ចំនួន០៤ដើម, គ្រាប់កាំភ្លើង AK៤៧ ចំនួន០២គ្រាប់, គ្រាប់វ៉ាន់ណាឡុង ចំនួន០២គ្រាប់, គ្រាប់ផាវផ្ទុះ ចំនួន០១ថង់ និងសម្ភារសម្រាប់កែឆ្នៃអាវុធមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងឃាត់ខ្លួន បានយកទៅរក្សាទុកនៅទីបញ្ជាកាដ្ឋានអាវុធហត្ថអាវុធហត្ថខេត្តក្រចេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕