(សៀមរាប)៖ អ្នកចិញ្ចឹមកង្កែបជាច្រើនរូប កំពុងត្អូញត្អែរពីបញ្ហាកង្កែបគ្មានទីផ្សារ ដោយសារតែមានការនាំចូលច្រើន ពីប្រទេសវៀតណាម មានតម្លៃធូរថ្លៃជាងកង្កែបក្នុងស្រុក និងកត្តាមួយទៀតដោយសារតែការកើនឡើងសារជាថ្មីនៃជំងឺកូវីដ១៩ ធ្វើឲ្យគ្មានភ្ញៀវទេសចរណ៍ ទើបការលក់កង្កែបមិនបានទាល់តែសោះ។

ជាអ្នកចិញ្ចឹមកង្កែប ក្នុងក្រុងសៀមរាបលោក ឆែវ បានថ្លែងឲ្យដឹងថា «មានកត្តារួមផ្សំជាច្រើនដូចកត្តាកូវីដ១៩ ធ្វើឲ្យគ្មានអតិថិជនទទួលទិញកង្កែបលក់បន្ដ, កត្តាមួយទៀត គឺឈ្មួញទម្លាក់តម្លៃកង្កែប ដោយតម្រូវឲ្យអ្នកចិញ្ចឹមកង្កែបទម្លាក់តម្លៃ ស្មើនឹងកង្កែបនាំចូលពីប្រទេសវៀតណាម ជាក់ស្ដែងអតិថិជនខាងព្រែកព្នៅបានទាមទារឲ្យទម្លាក់តម្លៃកង្កែប ឲ្យស្មើនឹងកង្កែបវៀតណាម ទើបពួកគាត់ព្រមទទួលទិញ»

លោកបានបន្ថែមថា សម្រាប់តម្លៃកង្កែបលក់ចេញ ៥,៥០០រៀលក្នុង១គីឡូក្រាម ជាតម្លៃខាតស្រាប់ទៅហើយ ដូច្នេះមិនអាចទម្លាក់តម្លៃឲ្យស្មើ នឹងតម្លៃកង្កែបនាំចូលនោះឡើយ។ កត្តានាំចូល, កត្តាកូវីដ១៩ គ្មានភ្ញៀវទេសចរ ធ្វើឲ្យកង្កែបកាន់តែគ្មានទីផ្សារ។

លោក ជួន ចន អ្នកចិញ្ចឹមកង្កែបនៅក្នុងខេត្តសៀមរាប ក៏បានថ្លែងឲ្យដឹងថា ជំងឺកូវីដ១៩នេះ ធ្វើឲ្យមិនមានភ្ញៀវទេសចរធ្វើដំណើរកំសាន្ដ (កាលណាមានអ្នកទេសចរ ធ្វើដំណើរកំសាន្ដ អ្នកលក់តាមរមណីយដ្ឋាននានា បានទទួលទិញកង្កែប ដើម្បីលក់ដល់ភ្ញៀវទេសចរ) និងកត្តានាំចូលពីវៀតណាម ជាមួយតម្លៃធូរថ្លៃជាងកង្កែបក្នុងស្រុកផងនោះ ធ្វើឲ្យកង្កែបកាន់តែគ្មានទីផ្សារ។ គ្មានទីផ្សារធ្វើឲ្យការចិញ្ចឹមខាតច្រើន ដោយសារតែលក់មិនចេញក៏ពិតមែន ប៉ុន្ដែត្រូវថែទាំ និងផ្ដល់ចំណី ដែលប្រឈមនឹងការខាតច្រើន។

លោកបានបន្ថែមថា សម្រាប់អ្នកចិញ្ចឹមគ្មានអ្វីក្រៅពី ការស្នើសុំឲ្យខាងភាគីពាក់ព័ន្ធ ក៏ដូចជាសមាគមវារីវប្បករនៅកម្ពុជា ជួយរកទីផ្សារកង្កែប ដើម្បីឲ្យមានការលក់ចេញឲ្យបាន ព្រោះបើគ្មានទីផ្សារបែបនេះ លំបាកដល់អ្នកចិញ្ចឹម។

លោក សុវណ្ណារ៉ា អ្នកចិញ្ចឹមកង្កែបក្នុងខេត្តសៀមរាប ក៏បានថ្លែងឲ្យដឹងថា កង្កែបកំពុងតែមិនមានទីផ្សារ ដោយសារការនាំចូលកង្កែប ពីវៀតណាមមកលក់កម្ពុជា ធ្វើឲ្យអតិថិជនដែលធ្លាប់ទិញកង្កែបក្នុងស្រុក បែរត្រឡប់ទៅទិញកង្កែបវៀតណាមវិញ ក្រោមហេតុផលកង្កែបវៀតណាម មានតម្លៃធូរថ្លៃជាងកង្កែបក្នុងស្រុក។

លោកបានបន្ថែមថា កង្កែបក្នុងស្រុកលក់ចេញតម្លៃចន្លោះ ៥,៥០០រៀល ៦,០០០រៀល ក្នុងមួយគីឡូក្រាម ប៉ុន្ដែតម្លៃចន្លោះ៦,០០០រៀល គឺជាតម្លៃខាតដើមរួចទៅហើយ ទោះបីតម្លៃប៉ុណ្ណឹងក៏មិនមានអតិថិជនទិញនោះដែរ។ ចំណែកឯកង្កែបនាំចូលចន្លោះតែ ៣០០០-៤០០០រៀលតែប៉ុណ្ណោះ។

លោកបញ្ជាក់ថា អ្នកចិញ្ចឹមកង្កែបនៅក្នុងខេត្តសៀមរាប កំពុងមានបញ្ហាទាំងនេះដូចគ្នា កង្កែបសល់ពេញស្រះ ចំណែកដើមទុនចំណាយច្រើន និងមិនមានចំណូលធ្វើឲ្យគ្រប់គ្នា ប្រឈមនឹងការខាតបង់ច្រើន ព្រោះលក់មិនចេញពិតមែន ប៉ុន្ដែត្រូវតែផ្ដល់ចំណី និងការថែទាំងដល់កង្កែបដដែល។ កង្កែបពេញអាយុ លក់តាំងពីខែមីនាមកម្ល៉េះ ប៉ុន្ដែរហូតមកដល់ខែមិថុនាហើយ នៅតែមិនអាចលក់ចេញដដែល៕