(កំពត)៖ បច្ចុប្បន្ននេះ បរិមាណសំរាមចន្លោះពី៧០ទៅ៨០% ត្រូវបានចាក់ចោលនៅលើទីលាន និងមានប្រមាណ ២០% ប៉ុណ្ណោះ ដែលបានដកហូតយកទៅកែច្នៃ។ នេះជាការលើកឡើងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងកម្មវិធីប្រគល់ និងទទួលទ្រុងសំណាញ់ធ្វើពីដែកសម្រាប់ដាក់សំរាមសំណល់រឹងជូនរដ្ឋបាលខេត្តកំពត ដែលជាជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនកូកាកូឡា តាមរយៈក្រសួងបរិស្ថាន។

លោកបានបន្តថា ដើម្បីធានាបាននូវនិរន្តរភាពបរិស្ថាន និងគុណភាពបរិស្ថានសម្រាប់ផាសុកភាពរស់នៅរបស់ពលរដ្ឋ ក្រសួងបរិស្ថានតែងតែបានជួយឧបត្ថម្ភគាំពារទាំងស្មារតីសម្ភារ បច្ចេកទេសដល់រដ្ឋបាលខេត្ត ក្នុងនោះរួមទាំងខេត្តកំពតផងដែរ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា «ដូច្នេះការគ្រប់គ្រង និងញែកសំរាមតាមប្រភេទបានត្រឹមត្រូវ ព្រមទាំងបង្កើនការកែច្នៃឱ្យបានច្រើនអស់លទ្ធភាព នោះសំណល់សំរាមដែលបោះចោលលើទីលាននឹងមានបរិមាណតិចតួចប៉ុណ្ណោះ»

លោករដ្ឋលេខាធិការបានថ្លែងថា ក្នុងសំណល់សំរាម ១០០% មានសំណល់សរីរាង្គប្រមាណ ៦៨% សំណល់ប្លាស្ទិក ប្រមាណ ២០% និងសំណល់រឹងជាង ១០% ហើយអ្វីដែលយើងត្រូវយកចិត្តទុកដាក់បន្ថែម គឺសំណល់ប្លាស្ទិក ដែលជាសំណល់ប្រកបដោយគ្រោះថ្នាក់ ប្រសិនបើយើងមិនគ្រប់គ្រងបានល្អព្រោះសំណល់ប្លាស្ទិកមានផ្ទុកសារធាតុគីមី។

លោក នេត្រ ភក្ត្រា បានបន្តថា ទ្រុងសម្រាប់ដាក់សំណល់ប្លាស្ទិកដែលក្រុមហ៊ុនកូកាកូឡា ផ្តល់ជូនរដ្ឋបាលខេត្តកំពត តាមរយៈក្រសួងបរិស្ថាននេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមគ្រប់គ្រងសំណល់ប្លាស្ទិក មិនឱ្យបោះចោលបែបអនាធិបតេយ្យ និងហូរចូលសមុទ្រ។

ជាមួយគ្នានេះដែរ ក្នុងនាមក្រសួងបរិស្ថាន លោកបានថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកាកូឡា ដែលតែងតែចូលរួមជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរដែនដីក្នុងការសម្អាតអនាម័យបរិស្ថាន តាមរយៈការផ្តល់ធុងសំរាម និងសកម្មភាពផ្សេងទៀតដែលមានមេត្រីភាពបរិស្ថាន។ «នេះគឺជាការចូលរួមទទួលខុសត្រូវរបស់ក្រុមហ៊ុនកូកាកូឡាលើវិស័យ បរិស្ថាន»

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ ក៏បានចាត់ទុកទ្រុងដាក់សំរាមដែលផ្ដល់ដោយក្រុមហ៊ុនកូកាកូឡា នាពេលនេះ គឺជាដៃគូសហការមួយយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តកំពត ក្នុងការប្រមូល និងគ្រប់គ្រងសំរាមសំណល់រឹងក្នុងទីក្រុងកំពត ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

លោកបញ្ជាក់យ៉ាងដូច្នេះ៖ «ការគ្រប់គ្រងសំណល់សំរាមគឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ហើយការញែកសំរាមតាមប្រភេទច្បាស់លាស់ និងការជំរុញលើការកែច្នៃឱ្យអស់លទ្ធភាពនឹងចូលរួមកាត់បន្ថយសំណល់សំរាម ដែលបោះចោលនៅលើទីលាន និងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចថែមទៀតផង»

បញ្ហាបរិស្ថានត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថានយកចិត្តទុកដាក់ ហើយបានដាក់ចេញឱ្យអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេសនូវគោលនយោបាយ គ្រប់គ្រងសំរាមសំណាល់រឹងទីប្រជុំជន ដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាម និងសំណល់រឹងនៅទីប្រជុំជនឱ្យមានប្រសិទ្ធភាព និងមានសុវត្ថិភាពបរិស្ថាន ខណៈអត្រាបរិមានណសំរាមក្នុងមួយឆ្នាំៗមានការកើនឡើងប្រមាណ ១៥% ក្នុងមួយឆ្នាំ។ បច្ចុប្បន្នសំណល់សំរាមដែលបង្កើតឡើងនៅកម្ពុជា មួយថ្ងៃមានចំនួនប្រមាណជាង ១ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណ ៤លានតោន។

លោក ជាវ តាយ អភិបាលខេត្តកំពត បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រសួងបរិស្ថាន ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈបច្ចេកទេស ដល់រដ្ឋបាលខេត្តកំពត នាពេលកន្លងមក លើវិស័យបរិស្ថាន ពិសេសការគ្រប់គ្រងសំរាមប្លាស្ទិក និងសំណល់រឹងសំណល់រាវ កាត់បន្ថយបានពីការបំពុលបរិស្ថាន និងការប៉ះពាល់ដល់សុខភាព សាធារណៈព្រមទាំងបង្កើតបាននូវអនាម័យសោភ័ណភាព និងភាពទាក់ទាញបានកាន់តែល្អប្រសើរឡើងសម្រាប់ខេត្តកំពត។

លោកអភិបាល ក៏បានថ្លែងអំណរគុណផងដែរ ដល់ក្រុមហ៊ុនកូកាកូឡា ហើយសង្ឃឹមថាក្រុមហ៊ុននឹងកាន់តែបង្កើនកិច្ចសហការជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តកំពតដល់ពេលបច្ចុប្បន្ន ដែលរដ្ឋបាលខេត្តកំពត បាននឹងកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័នានា ឱ្យបានកាន់តែល្អប្រសើរបន្តថែមទៀតក្នុងការគាំពារវិស័យបរិស្ថាន និងការគ្រប់គ្រងសំរាម ដើម្បីបរិស្ថានស្អាត និងការលើកកម្ពស់សុខភាពសាធារណៈផងដែរ។

លោក អូត ចាន់ឌី នាយកផ្នែកធនធានមនុស្សប្រចាំប្រទេស នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានឱ្យដឹថា៖ «ការនាំយកធុងបែងចែកសំរាមជូនដល់ខេត្តកំពត និងខេត្តកែប នាថ្ងៃនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជាសាកលដែលក្រុមហ៊ុន កូកា-កូឡាបាននិងកំពុងអនុវត្ត។ ប្រសិនបើគ្មានការចូលរួមអនុវត្តពីប្រជាពលរដ្ឋ ការផ្តល់ធុងតែមួយមុខមិនគ្រប់គ្រាន់ទេ ក្នុងការសម្រេចឱ្យបាននូវការបែងចែកសំរាមប្រកបដោយប្រសិទ្ធភាព។ ដូចនេះក្រុមហ៊ុនសូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់ ចូលរួមបែងចែកសំរាមទាំងអស់គ្នា ដោយចាប់ផ្តើមពីអ្នក!»។

គួរបញ្ជាក់ថា ទ្រុងសំណាញ់ធ្វើពីដែកសម្រាប់ដាក់សំរាមសំណល់រឹងនេះ ដែលមានទំហំ ៤ម៉ែត្រ គុណនឹង ២,៥ម៉ែត្រ និងមានកម្ពស់ ១,៤ម៉ែត្រ ចំនួន ១៦ទ្រុង ក្រោមជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនកូកាកូឡា តាមរយៈក្រសួងបរិស្ថាន ត្រូវបានប្រគល់ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីដាក់ពង្រាយតាមទីសាធារណៈ និងទីប្រជុំជនផ្សារក្នុងក្រុង និងស្រុកទាំង ៨ ក្នុងខេត្តកំពត។ ការប្រគល់នេះបានធ្វើឡើង នៅសួនច្បារមាត់ព្រែកក្នុងសង្កាត់កំពង់កណ្ដាល៕