(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អមដំណើរដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកទេយ្យទាន មកប្រគេនព្រះសង្ឃ និងចែកជូនប្រជាពលរដ្ឋ ចំនួន៣៣៤អង្គ/នាក់ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគេនជូនព្រះសង្ឃ និងចែកជូនតាជី យាយជី បញ្ញវ័ន្តក្មេងវត្ត ប្រជាពលរដ្ឋ ដែលកំពង់ធ្វើចត្តាឡីស័ក នៅវត្តចង្ក្រានតាព្រតាព្រហ្មស្ទឹងមានជ័យ។

ក្នុងឱកាសនេះដែរ លោកបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ តាជី យាយជី បញ្ញវ័ន្តក្មេងវត្ត ក៏ដូចជាព្រះសង្ឃ តាមទីវត្តអារាម នានាក្នុងប្រទេសកម្ពុជា។

បន្ទាប់មក លោកបានបន្តទៀតថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសតាជី យាយជី បញ្ញវ័ន្តក្មេងវត្ត និងព្រះសង្ឃ ដែលកំពង់ធ្វើចត្តាឡីស័ក។

លោក នួន ផារ័ត្ន បានជូនពរចំពោះព្រះសង្ឃ បញ្ញវ័ន្តក្មេងវត្ត តាជី យាយជី ប្រជាពលរដ្ឋ ដែលធ្វើតេស្តកាលពីម្សិលម៉ិញ ដែលទទួលលទ្ធផលវិជ្ជមានមេរោគ កូវីដ-១៩ ឲ្យបានឆាប់ជាសះស្បើយ ហើយក្នុងការធ្វើតេស្តនោះ សរុបចំនួន៣៧៣អង្គ/នាក់ វិជ្ជមានសរុប៣៩អង្គ/នាក់។ ទន្ទឹមនឹងនេះ លោកអំពាវនាវដល់ប្រជាពលរដ្ឋ តាជី យាយជី បញ្ញវ័ន្តក្មេងវត្ត និងព្រះសង្ឃ ដែលកំពង់ធ្វើចត្តាឡីស័ក សូមបន្តអនុវត្តនូវវិធានការក្រសួងសុខាភិបាល និងអនុវត្តនូវវិធាការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ទេយ្យទានដែលប្រគេព្រះសង្ឃ និងចែកជូនតាជី យាយជី បញ្ញវ័ន្តក្មេងវត្ត ប្រជាពលរដ្ឋ រួមមាន៖ អង្ករ ២តោន, មី ៣០កេសតូច, ទឹកត្រី ១០យួរ, ទឹកស៉ីអ៉ីវ ១០យួរ, ទឹកសុទ្ធ ៣០កេស, ត្រីខ ៥កេស ដើម្បីសម្រួលដល់ចង្ហាន់ និងជីវភាពប្រចាំថ្ងៃផងដែរ៕