(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកអន្តោប្រវេសន៍ បានស្នើទៅភាគីចិនឱ្យពន្លឿននូវនីតិវិធីនានា ដើម្បីនាំយកជនជាតិចិនដែលបានឃាត់ខ្លួននៅក្នុងប្រទេសកម្ពុជា ព្រោះការប្រព្រឹត្តបទល្មើសផ្សេងៗ។ សំណើនេះធ្វើឡើង បន្ទាប់ពីជនជាតិដែលប្រព្រឹត្តបទល្មើស ហើយបានឃាត់ខ្លួនមានចំនួនច្រើន និងមានសភាពណែននៅកន្លែងឃុំខ្លួន។

សំណើរបស់លោក គៀត ច័ន្ទថារិទ្ធ បានធ្វើឡើងក្នុងពេលរូបទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូ តំណាងក្រសួងសន្តិសុខសាធារណ:ចិន ដែលដឹកនាំដោយ លោក Wu JianMin អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងជាប្រធានតំណាងភាគីចិន នៃការិយាល័យសម្រសម្រួលអនុវត្តច្បាប់ចិននិងកម្ពុជា។

ក្នុងជំនួបធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នោះ លោក គៀត ច័ន្ទថារិទ្ធ បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធចំនួនដ៏ច្រើននៃជនល្មើស និងជនសង្ស័យជាជនជាតិចិន ដែលត្រូវបានឃាត់ខ្លួន និងត្រៀមបណ្តេញចេញ។ ចំនួននេះធ្វើឱ្យមានសភាពចង្អៀតណែននៅកន្លែងឃុំខ្លួនត្រៀមបណ្តេញចេញនោះ។

ឆ្លើយតបបញ្ហានេះ នាយឧត្តមសេនីយ៍អគ្គនាយកអន្តោប្រវេសន៍ បានស្នើភាគីចិន ឱ្យពិចារណាអំពីការសម្របសម្រួលក្នុងការពន្លឿនការបញ្ជូនខ្លួនជនល្មើស និងជនសង្ស័យទាំងនោះត្រឡប់ទៅប្រទេសចិនវិញ។

លោក Wu JianMin តំណាងក្រសួងសន្តិសុខសាធារណ:ចិន បានទទួលយកសំណើនេះ ហើយសន្យារាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងសន្តិសុខសាធារណ:ចិន ពិចារណាអំពីដំណោះស្រាយ ដើម្បីកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរ បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលល្អប្រសើរ។

នៅក្នុងជំនួបម្សិលមិញនេះ លោក Wu JianMin ក៏បានថ្លែងអំណរគុណអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដែលបានខិតខំអនុវត្ត និងសម្របសម្រួលកិច្ចសហប្រតិបត្តិការលើការងារបង្ការ និងទប់ស្កាត់បទល្មើសដែលបានបង្កឡើងដោយជនជាតិចិន និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិននៅកម្ពុជានាពេលកន្លងមក។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដោយផ្អែកលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អ នាពេលកន្លងមកនោះ លោក បានស្នើឱ្យភាគីចិនពិចារណាអំពីការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងនាយកដ្ឋានអន្តោប្រវេសន៍ចិន លើការងារបណ្តុះបណ្តាលជំនាញបច្ចេកទេស និងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ដោយស្ថិតក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណ:ចិន៕