(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ពេលបញ្ជូនទៅមន្ទីរពេទ្យក្រោយរូបគេ ឆក់ទូរស័ព្ទពីស្ដ្រីម្នាក់បានសម្រេច ដែលរត់គេចខ្លួនមិនសម្រេចជ្រុលទៅបុករថយន្ដអ្នកធ្វើដំណើរផ្សេងទៀត បណ្ដាលឲ្យរងរបួសដាក់ជើង។ ហេតុការណ៍នេះ បានឡើងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ស្ដ្រីរងគ្រោះឈ្មោះ ម៉ើយ ពៅចិន្ដា អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បានឲ្យដឹងថា មុនពេលកើតហេតុ ជនពេលកើតហេតុ ខ្លួនកំពុងជិះម៉ូតូជិះតាមផ្លូវបេតុងព្រៃស ទិសដៅពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GP-7967 មកអែបខាងស្ដាំង រួចឆក់ទូរស័ព្ទម៉ាក VIVO ដែលគាត់បានដាក់នៅឃ្លុបម៉ូតូខាងមុខបានសម្រេច។

ពេលនោះជនសង្ស័យបានជិះម៉ូតូគេចខ្លួន តែសំណាងអាក្រក់ជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្ត Prius ពាក់ស្លាកលេខ ភ្នំពេញ2AX-2807 បើកបរដោយនារីម្នាក់បម្រុងបត់ឆ្វេងចូលបុរីពិភពថ្មីទី១ បណ្តាលឲ្យជនសង្ស័យរងរបួសធ្ងន់បាក់ជើងខាងស្តាំ និងបែកមុខបែកមាត់ ត្រូវគេបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យម្លិះ ក្នុងមូលដ្ឋានខណ្ឌដង្កោ យកទៅសង្រ្គោះភ្លាមៗផងដែរ។

សមត្ថកិច្ចបញ្ជាក់ថា ពេលដឹកជនសង្ស័យមកដល់មន្ទីរពេទ្យដើម្បីសង្គ្រោះ គ្រូពេទ្យតម្រូវធ្វើតេស្ដរកជំងឺកូវីដ១៩ ស្រាប់តែជនសង្ស័យ មានវិជ្ជកូវីដ១៩ ដូច្នេះកម្លាំងសមត្ថកិច្ចបានទាក់ទងពេទ្យជំនាញ ដើម្បីចូលរួមសហការបន្តនីតិវិធី។ ចំណែករថយន្តបានប្រគល់ឲ្យម្ចាស់យកទៅជួសជុលដោយខ្លួនឯង និងម៉ូតូជនសង្ស័យយកទៅរក្សាទុកនៅស្នាក់ការប៉ុស្តិ៍រដ្ឋបាលព្រៃស៕