(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយលោកស្រី នូ សុភី ចំពោះមរណភាពរបស់លោក ទឹង វ៉ាន់ (ហៅតាសាឡាត់) ដែលបានទទួលមរណភាពនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៨១ឆ្នាំ ដោយរោគាពាធ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្តែងនូវការសោកស្តាយជាទីបំផុត ចំពោះការបាត់បង់រូបលោក ទឹង វ៉ាន់ (ហៅតាសាឡាត់) ដែលជាការបាត់បង់នូវស្វាមី ឪពុក និងជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវវីរៈសិល្បករដ៏ឆ្នើមមួយរូបដែលធ្លាប់បានលើកស្ទួយវិស័យវប្បធម៌ខ្មែរ ជាពិសេសផ្នែកសិល្បៈចម្រៀងអាយ៉ៃ។

ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោក ទឹង វ៉ាន់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕