(រតនគិរី)៖ រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ មនុស្សរហូតដល់៦១នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅមូលដ្ឋានក្រុងបានលុង ខេត្តរតនគិរី។ នេះបើតាមការឲ្យដឹងពី លោក អេង គុណវុឍ ប្រធានការិយាល័យបង្ការជំងឺឆ្ល នៃមន្ទីរសុខាភិបាលខេត្ត ប្រាប់ភ្នាក់ងារ Fresh News នៅមុននេះបន្ដិច។

មន្ដ្រីរូបនេះបានអះអាងទៀតថា មនុស្សទាំង៦១នាក់នេះមានការជាប់ពាក់ព័ន្ធជាមួយ មនុស្ស២នាក់ប្ដីប្រពន្ធ ដែលមានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ដែលបានប៉ះពាល់មនុស្សជាច្រើននាក់ផ្សេងទៀត។

លោក អេង គុណវុឍ បានបន្ដទៀតថា សម្រាប់អ្នកដែលមានវិជ្ជមានកូវីដ១៩ខាងលើ ត្រូវបានយកទៅឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងកន្លែងសម្រាកព្យាបាលនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។ យ៉ាងណាចំនួនអ្នកវិជ្ជមានកូវីដ១៩ពិតប្រាដក នឹងបង្ហាញអត្តសញ្ញាណនៅពេលបន្ទាប់ទៀត៕