(ត្បូងឃ្មុំ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញនូវការសោកស្តាយចំពោះមន្ត្រីកម្ពុជាមួយចំនួន ដែលមិនអញ្ជើញចូលរួមក្នុងពិធីរំលឹកការចងចាំនៃដំណើរតស៊ូរំដោះប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តកាលពី៤៤ឆ្នាំមុន។

ក្រសួងការពារជាតិនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រារព្ធពិធីចងចាំនៃដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ឆ្ពោះទៅរកការសង្គ្រោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នៅភូមិទន្លូង ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។

ម៉ោង៩យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះគេហៅថា «សមមិត្ត ហ៊ុន សែន» និងយុទ្ធមិត្តស្ម័គ្រស្មោះ៤រូប រួមមានលោក នុច ថន, លោក ញឹក ហ៊ន, លោក សាន សាញ់ និងលោក វ៉ា ប៉ោអៀន បានសម្រេចចិត្តធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រ និងបង្កើតកម្លាំងទ័ពចូលមកវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ដែលជារបបកាប់សម្លាប់ដ៏ឃោរឃៅនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។

ផ្តើមចេញពីដំណើរភៀសខ្លួនជ្រែកស្បៃរាត្រីប្រថុយនឹងគ្រោះថ្នាក់ ជាមួយការចាក់ឃ្លាតភរិយា និងកូនប្រុសក្នុងផ្ទៃដ៏សែនឈឺចាប់នោះហើយ នាំឱ្យឈានដល់ការបង្កើតកម្លាំងទ័ពរណសិស្សសាមគ្គីសង្គ្រោះជាតិដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ហើយឈានដល់ការកសាងចលនាដឹកនាំការតស៊ូ «រណសិរ្សសាមគ្គីសង្គ្រោះជាតិ» នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។ ផ្តើមពីដំណើរភៀសខ្លួននេះហើយ ឈានដល់ការវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យដោយជោគជ័យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រំដោះបានមកវិញនូវអាយុជីវិតរបស់ប្រជាពលរដ្ឋ និងសិទ្ធិសេរីភាពក្នុងការរស់រៀន។

ដំណើរភៀសខ្លួនរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ត្រូវចាត់ទុកជាដំណើរតស៊ូដ៏មានគុណតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ដើម្បីជាការចងចាំដល់គុណូបការៈ និងវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងព្រឹត្តិការណ៍រំដោះជាតិ និងប្រជាជននេះ ក្រសួងការពារជាតិតែងតែប្រារព្ធពិធីចងចាំជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៧មក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ក្នុងពិធីនាព្រឹកមិញថា ការរៀបចំពិធីនេះ គឺធ្វើឱ្យអធិកអធម តែដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដ១៩ ក៏មានការរឹតត្បិតចំនួនអ្នកចូលរួម។ បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ទោះបីមានការរឹតត្បិតអ្នកចូលរួមបែបនេះទៅហើយក្តី បែរជាមានមន្ត្រីមួយចំនួនមិនបានចូលរួមតាមការអញ្ជើញ ក្រោមហេតុផលជាប់ភារកិច្ច។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញនូវការមិនសប្បាយចិត្តនោះឡើយ ចំពោះមន្ត្រីដែលមិនបានចូលរួមតាមការអញ្ជើញនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំសោកស្តាយដែរ អ្នកមួយចំនួន គឺមានបញ្ហាមិនបានអញ្ជើញមកអាហ្នឹងមួយបែបហើយ។ បើមិនបានអញ្ជើញមកហើយនៅមានពោលពាក្យមួយថា ជាប់ភារកិច្ច ខ្ញុំអត់សូវយល់ដែរថាជាប់ភារកិច្ចប៉ុណ្ណា? ទោះជាប់ភារកិច្ចយ៉ាងណា ៣៦៥ថ្ងៃ ខ្ញុំយកតែមួយថ្ងៃនេះទេ មួយថ្ងៃនេះមកដល់ X១៦ នេះ ដើម្បីឱ្យយើងដឹងគុណ រំលឹកនឹកដល់ការចងចាំ។ នេះជាការដ៏សំខាន់ណាស់ វាស្មើនឹងអ្វីៗទាំងអស់ ដែលយើងមាននៅសព្វថ្ងៃនេះ»។

ជាការកត់សម្គាល់ការរអ៊ូរទាំរបស់សម្តេចពិជ័យសេនា រឿងអ្នកមិនចូលរួមកម្មវិធីដ៏មានតម្លៃសម្រាប់ប្រវត្តិសាស្ត្រកម្ពុជានេះ មិនមែនទើបតែឆ្នាំ២០២១នេះទេ កាលពីឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានរអ៊ូរទាំរឿងមន្ត្រីមិនចូលរួមតាមការអញ្ជើញនេះផងដែរ។

ក្នុងពិធីរំលឹកដល់ថ្ងៃនៃការធ្វើដំណើរតស៊ូរំដោះប្រទេសជាតិរបស់សម្តេចតេជោ និងយុទ្ធមិត្តនេះ សម្តេចពិជ័យសេនា បានថ្លែងថា ការប្រារព្ធពិធីនេះ គឺមានសារសំខាន់ខ្លាំង ដើម្បីចងចាំដល់វីរភាពរបស់សម្តេចតេជោក្នុងការរំដោះជាតិ។ សម្រាប់សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តើមចេញពីដំណើរតស៊ូថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧នោះហើយ ដែលនាំឱ្យមានការរំដោះជាតិថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ឈានទៅដល់ការចរចាស្វែងរកសន្តិភាព ឈានទៅដល់ការដាក់ចេញនយោបាយឈ្នះ-ឈ្នះ បិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយឈានទៅដល់ការកសាង និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញការប្តេជ្ញាចិត្តថា ទោះបីមានឧបសគ្គ ឬការលំបាកយ៉ាងណាក៏ដោយ សម្តេចនឹងជម្នះរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយឱ្យពលរដ្ឋខ្មែរបានដឹងពីសាវតានៃការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត៕