(ស្នួល-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងទៅកាន់អង្គប្រជុំពិភាក្សាផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ ថា «ក្នុងពេលដែលនៅទូទាំងប្រទេសយើងកំពុងបន្តប្រយុទ្ធប្រឆាំងកូវីដ-១៩ ការផ្តល់សេវាចាំបាច់ដោយផ្ទាល់ជូនប្រជាពលរដ្ឋដែលពុំអាចធ្វើបានតាម Online ឬពីចំងាយ មន្ត្រីសាធារណៈនៅមូលដ្ឋានត្រូវរ៉ាប់រងការងារទាំងនេះក្នុងស្មារតីទទួលខុសត្រូវ ដោយត្រូវកសាងទម្លាប់រស់នៅ និងបំរើការងារតាមគន្លងប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩»

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្នួល ខេត្តក្រចេះ ដែលមានការចូលរួមពីសំណាក់លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត អស់លោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារស្រុក លោកប្រធានក្រុមប្រឹក្សា និងអភិបាលស្រុក ប្រធាន អនុប្រធានក្រុមការងារឃុំទាំង៦ មេឃុំ មេភូមិ និងមន្ត្រីមូលដ្ឋានមួយចំនួន សរុបមានអ្នកចូលរួមប្រមាណ ១០០នាក់។

លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ ក៏បានថ្លែងមតិបន្ថែមទៀតថា មន្ត្រីមូលដ្ឋានគប្បីសកម្មជួយអប់រំប្រជាពលរដ្ឋ និងត្រូវធ្វើគំរូក្នុងការអនុវត្តខ្ជាប់ខ្ជួននូវវិធានការ បង្ការទប់ស្កាត់គឺ «៣ការពារ និង៣កុំ» ដើម្បីកសាងទម្លាប់ថ្មីនៃរបៀបរស់នៅក្នុងស្ថានភាពកូវីដ-១៩ និងបំផុសការចូលរួមទៅទទួលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។

ទោះជាយ៉ាងណាក្តី យើងទាំងអស់គ្នាជឿជាក់លើចលនាសាមគ្គីជាតិចូលរួមយ៉ាងសស្រាក់សស្រាំប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្រោមការដឹកនាំដ៏មោះមុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គួបផ្សំជាមួយយុទ្ធនាការទ្រង់ទ្រាយធំសំរុកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាជននៅទូទាំងប្រទេសសំរាប់កសាងកំផែងភាពស៊ាំ (Herd Immunity) នៃសុខភាពសាធារណៈ ថាយើងពិតជាទ្រោលគ្រប់គ្រងបានទាំងស្រុងស្ថានការណ៍កូវីដ-១៩ នាំសង្គមជាតិយើងវិលទៅកាន់ប្រក្រតីភាពជាធម្មតាសារជាថ្មីយ៉ាងឆាប់រហ័ស ដើម្បីអនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនយើង៕