(កំពត)៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ កាលពេលថ្ងៃទី២៥ ខែមិថុនាកន្លងតៅនេះ បានចុះទៅពិនិត្យវឌ្ឍនភាពនៃការរៀបចំក្រុងបូកគោ ខណៈដែលក្រុងនេះកំពុងពន្លឿនការរៀបចំដំណើរការរដ្ឋបាល។

លោក សក់ សេដ្ឋា បានបញ្ជាក់ថា ការពិនិត្យវឌ្ឍនភាព និងការជំរុញរៀបចំដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោនេះ ត្រូវតែខិតខំធ្វើឲ្យបានលឿនឆាប់រហ័ស ដោយផ្អែកតាមអនុលោមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក និងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលនឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ។ បន្ទាប់មក ការប្រកាសចូលកាន់មុខតំណែង តួនាទីក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ក៏នឹងជំរុញឲ្យបានលឿន យ៉ាងយូរត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។

លោករដ្ឋលេខាប្រចាំការក៏បានស្នើឲ្យរដ្ឋបាលខេត្តកំពត ក៏ដូចមន្ត្រីពាក់ព័ន្ធ ត្រូវរៀបចំក្របខណ្ឌមន្ត្រីរាជការសម្រាប់រដ្ឋបាលក្រុងបូកគោនេះ ជាជំហានដំបូងត្រូវឱ្យស្របទៅនឹងទំហំការងារចាំបាច់ ចៀសវាងមន្ត្រីតែម្នាក់ទទួលបន្ទុកជំនាញច្រើនវិស័យ ដែលនាំឲ្យមានការរាំងស្ទះដល់ការងារបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ។

ទាក់ទិននឹងការងារផ្ទេរក្របខណ្ឌ និងការជ្រើសរើស ត្រូវអនុវត្តតាមនីតិវិធី ដោយមានការទំនាក់ទំនងពីក្រសួងមុខងារសាធារណៈ ហើយការតែងតាំងក៏ត្រូវមានទៅតាមការិយាល័យចំណុះតាមចំនួនកម្រិតជាក់ស្ដែង ដើម្បីនិរន្តរភាពការងារ។ ចាំដល់ពេលក្រោយ សឹមជ្រើសរើសបន្ថែមតាមភាពជាក់ស្ដែងនៃតម្រូវការទំហំការងារជាក់ស្ដែង។

លោក សក់ សេដ្ឋា ក៏បានបញ្ជាក់ដែរថា ការអភិវឌ្ឍនៅក្នុងតំបន់ទីក្រុងបូកគោ ខេត្តកំពត គឺអភិវឌ្ឍន៍ទៅតាមអ្វីដែលប្លង់គោលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័ត។ ក៏ប៉ុន្តែតំបន់ការពារធម្មជាតិ ត្រូវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមសហការគ្នាឲ្យបានល្អ ដើម្បីថែរក្សាឲ្យបានគង់វង្ស ជៀសវាងកាប់ឆ្ការអនាធិបតេយ្យខុសច្បាប់កំណត់។

ក្រោយពីកិច្ចប្រជុំបានបញ្ចប់ ប្រតិភូក្រុមការងារក៏បានចុះពិនិត្យជាក់ស្ដែងទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោ ដែលនៅជិតផ្លូវឡើងឧទ្យានជាតិព្រះមុនីវង្សបូកគោ និងទីតាំងអគាររដ្ឋបាលបណ្ដោះអាសន្ននៅជិតនោះផងដែរ ដែលស្ថិតក្នុងឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ៣៨ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ដីពីការបង្កើតក្រុងបូកគោ នៃខេត្តកំពត ដែលក្រុងនេះមានសង្កាត់ចំនួន ៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត៕