(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្ដាល និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការកណ្ដាលគណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញនូវសារអបអរសាទរ ខួបលើកទី៧០ នៃកំណើតគណបក្សប្រជាជនកម្ពុជា និងរំលឹកអំពីប្រវត្តិមួយចំនួនកាលពីអតីតកាល។

ខាងក្រោមនេះ ជាខ្លឹមសារអបអរសាទររបស់លោក ហ៊ុន ម៉ានី៖

«ការចាប់ផ្តើមដំបូងនៃការបង្កើតគណបក្សប្រជាជនកម្ពុជា គឺនៅឆ្នាំ១៩៥១ ខណៈពេលដែលកម្ពុជា កំពុងស្ថិតក្រោមអាណានិគមបារាំង ក្នុងបុព្វហេតុប្រមូលផ្តុំអ្នកសេ្នហាជាតិ ប្រឆាំងនឹងការគ្រប់គ្រងត្រួតត្រារបស់បារាំង ចលនានេះបានរីកធំធាត់ និងបានក្លាយជាកម្លាំងផ្ទៃក្នុងមួយដ៏សំខាន់ ចូលរួមចំណែកគាំទ្រដល់ដំណើរការនៃការទាមទារឯករាជ្យជាតិពីបារាំង រហូតទទួលបានជោគជ័យនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ក្រុមចលនានេះ គឺជាឬសគល់នៃការបង្កើតឡើងនៃគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើម «បក្សប្រជាជនបដិវត្តន៍ខ្មែរ»។

សូមរំលឹកថា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនគ្មានសិទ្ធិសេរីភាពអី្វទាំងអស់ ព្រោះការរស់នៅប្រចាំថ្ងៃស្ថិតក្រោមការគំរាមកំហែង បង្ខំឱ្យធ្វើការហួសកម្លាំង ព្រាត់ប្រាស់គ្រួសារ និងរស់នៅដោយភាពភ័យខ្លាច គ្រប់ពេលវេលា។ ក្នុងស្ថានភាពលំបាក គ្រោះថ្នាក់បំផុត និងមិនអាចទ្រាំបាន នៅតាមតំបន់ខ្លះ ក្រុមចលនាអ្នកស្នេហាជាតិបានប្រមូលផ្តុំគ្នា រួមគ្នាបង្កើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»ដើម្បីប្រឆាំង វាយផ្តួលរំលំរបបយង់ឃ្នងនេះ។

ក្នុងស្ថានភាពនេះ មនុស្សមួយចំនួនដែលរត់ផុតពីការសម្លាប់ បានរត់ទៅរស់នៅក្នុងប្រទេសដ៏ទៃ តែឥស្សរជន យុទ្ធជនស្នេហាជាតិរបស់គណបក្សប្រជាជនកម្ពុជា មិនបានរត់ចោលនោះទេ គឺពួកគេរួមគ្នា ប្រើប្រាស់អាយុជិវិតផ្ទាល់ខ្លួន ជាទុនទៅប្រយុទ្ធធ្វើសង្គ្រាមតទល់នឹងរបបប៉ុលពត យ៉ាងសស្រាក់សស្រាំ ដោយឥតរួញរា ក្នុងគោលបំណងតែមួយគត់ គឺរំដោះប្រជាជនដែលនៅមានជីវិតឱ្យរួចផុតពីការកាប់សម្លាប់ និងរំដោះប្រទេសជាតិឱ្យត្រលប់មករកសុខសន្តិភាព និងស្ថេរភាពឡើងវិញ ហើយយើងក៏ទទួលបានជោគជ័យ ដោយកំណត់យកថ្ងៃ៧ មករា ជាថ្ងៃជ័យជម្នះ និងរំលឹកដឹងគុណដល់ឥស្សរជនដែលបានលះបង់ជីវិតក្នុងគ្រានោះ។

តាមរយៈរឿងរ៉ាវប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ការលំបាករាប់មិនអស់ ក្នុងសកម្មភាព និងចលនាផ្សេងៗ ទាំងក្នុងការដំណាក់កាលនៃការទាមទារឯករាជ្យពីអាណានិគមបារាំង ការរំដោះប្រជាជន និងប្រទេសឲ្យរួចផុតពីការកាប់សម្លាប់ក្នុងរបបប៉ុលពត ការស្តារប្រទេសពីបាតដៃទទេ និងការបង្រួបបង្រួម ឯកភាពទឹកដីទាំងស្រុង (នយោបាយឈ្នះ-ឈ្នះ)។

ក្នុងដំណាក់កាលលំបាកទាំងអស់នោះ យើងតែងតែឃើញមានវត្តមានឥស្សរជន យុទ្ធជន យុទ្ធនារីកម្ពុជាដែលលោកបានប្រើអាយុជីវិតផ្ទាល់ខ្លួន តស៊ូ លះបង់សាច់ស្រស់ឈាមស្រស់ ប្រាជ្ញា ស្មារតីជាដើមទុន ដើម្បីជ្រោងទង់បង្រួបបង្រួមជាតិ ក្នុងគោលដៅតែមួយគត់គឺ ការគិតគូរពីជាតិ និងប្រជាជនជាអាទិភាព។

គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ប្រវត្តិសាស្ត្រលំបាករាប់មិនអស់ តែគណបក្សប្រជាជនកម្ពុជាតែងតែនៅជាមួយប្រជាជនគ្រប់កាលៈទេសៈទាំងអស់ ទាំងគ្រាដែលប្រទេសជាតិស្ថិតក្នុងការលំបាក និងទាំងការដឹកនាំអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនជាបន្តបន្ទាប់។

ឆ្លងកាត់ប្រវត្តិសាស្រ្ត៧០មកនេះ គណបក្សប្រជាជនកម្ពុជាមានតួនាទី និងទំនួលខុសត្រូវខ្ពស់ណាស់លើជោគវាសនា និងអនាគតកម្ពុជា ទាំងក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី និងអាយុជីវិតប្រជាជន ក៏ដូចជាការដឹកនាំ ស្តារ អភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ដូចមកដល់សព្វថ្ងៃ។ គណបក្សប្រជាជនកម្ពុជា គឺជាស្មារតីតំណាង មនសិកាស្នេហាជាតិ សាមគ្គីភាព ការតស៊ូឥតងាករេ និងការលះបង់របស់យុទ្ធជនខ្មែរដ៏អង់អាចក្លាហាន ដើម្បីស្វែងរកសុខសន្តិភាព ស្ថេរភាពនយោបាយ ភាពរីកចម្រើន និងសុខុដុមនីកម្មនៃសង្គមជាតិ។

ដោយសារកត្តានៃសុខសន្តិភាព កម្ពុជាបានកសាងសង្គមជាតិមួយ ដែលមានឯករាជ្យ អធិបតេយ្យភាព ប្រជាធិបតេយ្យ សុខសន្តិភាព សុខុដុមរមនា និងសេរីភាពពេញលេញជូនប្រជាពលរដ្ឋ។

ជាងនេះទៅទៀត កត្តានៃសុខសន្តិភាពបានបង្កើតជាបរិយាកាសមួយក្នុងនាំទាក់ទាញនូវការវិនិយោគពីបរទេសមកកាន់កម្ពុជា ដែលជំរុញបាននូវកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ហើយបានធ្វើឲ្យមានភាពល្អប្រសើរនៃជីវភាពរស់នៅប្រជាពលរដ្ឋពីមួយថ្ងៃ ទៅមួយថ្ងៃ។

ពាក្យថា«សន្តិភាព» ងាយស្តាប់ ងាយនិយាយណាស់ តែប្រសិនបើយើងធ្វេសប្រហែសតែបន្តិចក្នុងការថែរក្សាសុខសន្តិភាព យើងងាយនឹងប្រឈម ជាមួយការបាត់បង់អ្វីៗទាំងអស់។ បើគ្មាន«សន្តិភាព» កុំថាឡើយសិទ្ធិសេរីភាពផ្សេងៗ សូម្បីអាយុជីវិតក៏ស្ថិតក្នុងភាពគំរាមកំហែងដែរ។ សន្តិភាព គឺមានសារៈសំខាន់ណាស់នៃសង្គមជាតិមួយ ជាមូលដ្ឋានគ្រឹះនៃអ្វីៗគ្រប់យ៉ាង។ មានសន្តិភាពទើបកិច្ចការសង្គម សេដ្ឋកិច្ច និងនយោបាយ អាចដំណើរការទៅមុខបានដោយរលូន ប្រជាជនក៏អាចរស់នៅ ប្រកបរបរចិញ្ចឹមជីវិតតាមធម្មតា ដោយគ្មានការភ័យខ្លាច និងសុខុដុមរមនា តែបើគ្មានសន្តិភាពទេ កុំថាឡើយសិទ្ធិសេរីភាពផ្សេងៗ សូម្បីអាយុជីវិតក៏ស្ថិតក្នុងភាពគំរាមកំហែងដែរ។

មេរៀនប្រវត្តិសាស្រ្ត ធ្លាប់បានបង្ហាញរួចមកហើយ នៅពេលដែលសុខសន្តិភាពត្រូវបានបាត់បង់ នៅពេលដែលឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងត្រូវបានបែកបាក់ នៅពេលទស្សនជាតិរួមត្រូវបានញំញី ដែលបណ្តាលឱ្យមជ្ឍដ្ឋានខាងក្រៅឆ្លៀតឱកាស ញុះញង់ រុញស្ថានការណ៍ឱ្យកាន់តែធ្ងន់ធ្ងរ រហូតធ្វើឱ្យមានការបែងចែកកម្លាំងក្នុងប្រទេស ដែលអាចបណ្តាលឱ្យប្រទេសជាតិ ធ្លាក់ក្នុងភ្លើងសង្គ្រាមផ្ទៃក្នុងបានក្នុងមួយប៉ព្រិចភ្នែក។

ដូច្នេះ «កត្តាសុខសន្តិភាព ជាកត្តាដាច់ខាត និងមិនអាចចរចា ដោះដូរ ឬតថ្លៃបាននោះទេ ទោះក្នុងតម្លៃណាក៏ដោយ»។
យើងរំឮកអ្វីដែលយើងបានខិតខំប្រឹងប្រែង តែយើង(កម្ពុជា)មិនមានពេលវេលាច្រើនដើម្បីអបអរសាទរនោះទេ។ ផ្ទុយទៅវិញគឺយើងត្រូវយកពេលវេលានេះ ដាក់មាគ៌ាអភិវឌ្ឍប្រទេសជាតិ ដើម្បីផលប្រយោជន៍ប្រជាជនជាបន្តទៀត»៕