(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិស្រុកវាលវែង បានដាស់តឿនដល់បណ្ដាមន្ត្រីដែលមានសមត្ថកិច្ចទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនត្រូវយកអំណាច ឬតួនាទីទៅបំពានយកដីរដ្ឋឱ្យសោះ ប្រសិនបើមានករណីនេះមែន ច្បាប់នឹងមិនលើកលែងទោសឱ្យឡើយ។
លោកអភិបាលខេត្តថ្លែងដាស់ស្មារតីបែបនេះ ធ្វើឡើងក្នុងពេលលលោកដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់អនុគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងឃុំថ្មដា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៥។
កិច្ចប្រជុំនេះ គឺដើម្បីស្វែងយល់ពីបញ្ហាប្រឈមក្នុងការបំពេញភារកិច្ចរបស់អនុគណៈកម្មការ និងណែនាំដល់កងកម្លាំងទាំងអស់ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវតែអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនតាមការកំណត់នៃច្បាប់ ដោយមិនត្រូវយកអំណាច ឬតួនាទីទៅបំពានយកដីរដ្ឋនោះឡើយ ហើយប្រសិនបើមាន ត្រូវប្រគល់ដីនោះជូនរដ្ឋវិញ ជៀសវាងអស់តួនាទី ឬឈានដល់ការអនុវត្តច្បាប់។
ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានបន្តចុះពិនិត្យជាក់ស្តែងនូវទីតាំងដី ដែលបានកាប់រុករាននៅចំណុចខ្នងភ្នំ១៦ និងបានឱ្យរក្សាទុកនូវទីតាំងដែលអនុគណៈកម្មការបានឃ្លុំទុកកន្លងមក ព្រមទាំងបានចុះសួរសុខទុក្ខគ្រួសារកងកម្លាំងទាំង ២៨គ្រួសារ ដែលបានអាស្រ័យផលនៅទីតាំងដីនោះ ដោយរក្សាស្ថានភាពដើម និងមិនឱ្យកាប់រុករានបន្ត។
សូមបញ្ជាក់ថា យោងតាមប្រការ ៣ នៃសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តពោធិ៍សាត់ លេខ ០៦១/២០ សសរក/ខពស ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្តីពីការបង្កើតគណៈកម្មការថ្នាក់ខេត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងស្រុកវាលវែង អនុគណៈកម្មការនានាមានតួនាទីភារកិច្ច៖
* ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសការកាប់រានទន្ទ្រានយកដីព្រៃរបស់រដ្ឋក្នុងភូមិសាស្ត្រឃុំទាំង ៥។
* ស្រាវជ្រាវក្តាប់ព័ត៌មាន កំណត់មុខសញ្ញាជនល្មើស និងបង្កសំណុំរឿងតាមនីតិវិធីច្បាប់ជូនតុលាការ។
* កំណត់ច្បាស់លាស់ទីតាំងដីព្រៃដែលត្រូវការពារក្នុងភូមិសាស្ត្រឃុំទាំង ៥ (ឃុំប្រមមោយ ឃុំក្រពើពីរ ឃុំអន្លង់រាប ឃុំថ្មដា និងឃុំអូរសោម)។
* អប់រំប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យយល់ដឹងពីផ្លូវច្បាប់ និងអត្ថប្រយោជន៍នៃការថែរក្សាធនធានធម្មជាតិ។
* ធ្វើរបាយការណ៍ពីលទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តការងារជូនគណៈកម្មការថ្នាក់ខេត្ត៕