(ភ្នំពេញ)៖ ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានផ្ដល់អំណោយស្បៀងអាហារមួយចំនួនជូនអ្នកប្រកបរបរស៊ីក្លូនៅរាជធានីភ្នំពេញចំនួន៣០០នាក់។

ពិធីប្រគល់អំណោយនេះធ្វើឡើងនៅស្ថានីយទូរទស្សន៍បាយ័នបឹងស្នោរ ដោយមានការរៀបចំជូនដោយលោក ជិន ប៊ុនធឿន រួមជាមួយក្រុមការងារមួយចំនួនទៀត។

ក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន បានផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំទៅដល់បងប្អូនអ្នកធាក់ស៊ីក្លូ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរអំពីសុខទុក្ខបងប្អូនអ្នកធាក់ស៊ីក្លូគ្រប់ពេលវេលា។

លោកក៏បានក្រើនរម្លឹកដល់បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ភាគច្រើនមានវ័យចំណាស់ ឱ្យថែរក្សាសុខភាពពិសេសការពារខ្លួនពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។

បងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់ពិតជាសប្បាយរីករាយ និងអរគុណជាអនេកដល់សម្តេចទាំងទ្វេ ដែលតែងតែគិតគូរចំពោះពួកគាត់ជាពិសេសតាមរយៈការបង្កើតមូលនិធិត្រីចក្រក្រយានធ្វើឲ្យពួកគាត់បានកាត់បន្ថយការលំបាកក្នុងជីវភាពមួយផ្នែកធំ។

គួររំលឹកថា កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានង្កើនមូលនិធិនេះត្រីចក្រក្រយានឡើង ជាពិសេសសម្រាប់បងប្អូនអ្នកធាក់ស៊ីក្លូនេះតែម្តង ដែលមូលនិធិនេះអ្នកធាក់ស៊ីក្លូ ទទួលបាន ប្រយោជន៍ ជាច្រើន ដូចជា ការទទួលបានប្រាក់ឧបត្ថម្ភ ៧០០០រៀលក្នុងមួយថ្ងៃ (បើកប្រាក់នេះ ១០ថ្ងៃ ម្តង ) ការទទួលបានសេវាព្យាបាលពីមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ និងផលប្រយោជន៍ផ្សេងទៀត ដូចជាប្រាក់ឧបត្ថម្ភក្នុងថ្ងៃបុណ្យជាតិធំៗ និងពេលចូលនិវត្តន៍ជាដើម។

អំណោយដែលផ្ដល់ជូននាពេលនេះអ្នកធាក់ស៊ីក្លូម្នាក់ៗ ទទួលបាន៖ អង្ករចំនួន ១បេស្មើនឹង២៥ គីឡូក្រាម, ត្រីខចំនួន២យួរ ស្មើនឹង២០កំប៉ុង, មីចំនួន៣កេសតូច,
ភេសជ្ជៈខារ៉ាបាវចំនួន៦កំប៉ុង, ទឹកសុទ្ធអរុណាចំណុះ៣៥០ml ចំនួន១ កេស, ក្រមា១, ភួយ ១,
មុង ១, ស្បែកជើងមួយគូ,
ថ្នាំវីតាមីនសេចំនួនមួយទីប, ថ្នាំពេទ្យចំនួនមួយប្រអប់,
ប្រេងកូឡាចំនួនមួយដប, ប្រេងខ្យល់ ១ដប,
ម៉ាសចំនួនមួយប្រអប់, ច្រាស និងថ្នាំដុសធ្មេញមួយឈុត, ជេលលាងដៃចំនួន១ដប, សាប៊ូ១ ដុំ
និងថវិកាចំនួន៥ម៉ឺនរៀល៕