(ភ្នំពេញ)៖ ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្ស ប្រចាំសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី (អាស៊ីខាងកើត និងអាគ្នេយ៍) បានផ្តល់ជូននូវសម្ភារបរិក្ខាពេទ្យដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រើប្រាស់ក្នុងបេសកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយគិតជាទឹកប្រាក់សរុប ១១១,១១១ ដុល្លារអាមេរិក។

ពិធីប្រគល់ទទួលបានធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ខណៈសម្ភារបរិក្ខាពេទ្យដែលបានប្រគល់ជូននៅពេលនោះ រួមមាន៖
* អាវ PPE ចំនួន ២០,០០០
* ម៉ាសពេទ្យចំនួន ១០០,០០០
* ស្រោមដៃចំនួន ២០,០០០គូ
* Monitor តាមដានអ្នកជំងឺចំនួន ៣៨គ្រឿង
* កាបូបដាក់វ៉ាក់សាំងចំនួន ១០០
* អង្ករចំនួន ២០តោន
* មីជាតិចំនួន ១,០០០កេស
* ថវិកាចំនួន ២១,១១១ដុល្លារ។

ចំពោះសម្ភារបរិក្ខាពេទ្យ និងថវិកាទាំងនេះ ត្រូវបានប្រគល់ជូនដោយលោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី ដោយមានការទទួលពីលោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា នាយកប្រតិបត្តិនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

នាឱកាសនោះ លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា បានថ្លែងអំណរគុណដល់ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្ស ប្រចាំសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងស្មារតីចែករំលែក និងចាត់ទុកថាជាកាយវិការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ។

ជាមួយគ្នានោះដែរ លោក ហេង សួរ ក៏បានកោតសរសើរ និងសម្តែងការដឹងគុណចំពោះក្រុមគ្រូពេទ្យ TYDA ដែលបានយកអស់កម្លាំងកាយចិត្តរក្សាបីបាច់ ព្យាបាលអ្នកជំងឺ និងសូមឲ្យកិច្ចការងារដែលកំពុងប្រតិបត្តិឲ្យទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងសត្រូវគ្មានស្រមោល កូវីដ-១៩ ដែលបានវាយប្រហារដល់សុខភាព អាយុជីវិតរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ៕