(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ GIZ រៀបចំទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកដំបូងនៅកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ៖ ការងើបឡើងវិញ ភាពធន់ និងនិរន្តរភាពនៃសហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងបរិការណ៍កូវីដ-១៩ ដោយបានបង្ហាញពីការប្ដេជ្ញាពង្រឹងវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមឱ្យមានភាពធន់ និងនិរន្តរភាព។

ទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកដំបូងនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី Bettina Gruber នាយកស្តីទីរបស់ទីភ្នាក់ងារ GIZ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អន្តរក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សមាគមអាជីវកម្ម និងវិស័យឯកជនចំនួនប្រមាណជា ២០០ នាក់ តាមប្រព័ន្ធ Zoom និង ៤០ នាក់ តាមការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកក្រសួង «Ministry of Industry, Science, Technology and Innovation» ផងដែរ។

លោកស្រី Bettina Gruber នាយកស្តីទីរបស់ទីភ្នាក់ងារ GIZ ក៏បានថ្លែងអំណរគុណដល់ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏ដូចជាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានអនុញ្ញាដល់ទីភ្នាក់ងារ GIZ ឲ្យបានចូលសហការរៀបចំទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យមសកល (MSMEs Day) ដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវបានទទួលស្គាល់ថាជាចលករយ៉ាងសំខាន់មិនអាចខ្វះបានក្នុងអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិស្ថាន តាមរយៈការបង្កើតការងារ ក៏ដូចជាបង្កើននូវតម្លៃនៃផលិតផលជាតិសរុបផងដែរ។

លោកស្រីបានបន្តថា បញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម បានជួបនូវបញ្ហាប្រឈមជាច្រើន ដែលធ្វើឲ្យសហគ្រាសមួយចំនួនបានផ្អាកដំណើរការ ឬបិទដំណើរការធុរកិច្ចជាអចិន្ត្រៃយ៍ ប៉ុន្តែបច្ចុប្បន្ននេះសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅតែដើរតួយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក៏ដូចជាការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។

ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងអំណរគុណជាពិសេសដល់ទីភ្នាក់ងារ GIZ ដែលតែងតែជួយអភិវឌ្ឍ និងគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា ពិសេសការបង្កើតគេហទំព័រជាតិផ្តល់ព័ត៌មានសហគ្រាសធុនតូច និងមធ្យមកម្ពុជា (KhmerSME) ដែលនឹងជួយផ្តល់ព័ត៌មានសំខាន់ដល់ការពង្រឹង និងពង្រីកអាជីវកម្ម ក៏ដូចជាការតភ្ជាប់ទៅនឹងគេហទំព័រថ្នាក់តំបន់អាស៊ាន ហៅថា ASEANACESS ដែលអាចផ្តល់នូវព័ត៌មានធុរកិច្ចថ្នាក់តំបន់ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា និងក៏ដូចជាការបញ្ជូនព័ត៌មានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា ទៅដល់អ្នកវិនិយោគថា្នក់តំបន់ផងដែរ។

លោកទេសរដ្ឋមន្រ្តីបានបន្តថា ចក្ខុវិស័យរបស់ក្រសួង គឺមិនមែនត្រឹមតែពិនិត្យលើបញ្ហាប្រឈមដែលមានស្រាប់នោះទេ តែក៏កំពុងធ្វើការកំណត់យន្តការគាំទ្រចាំបាច់ ហេដ្ឋារចនាសម្ពន្ធគាំទ្រ ដើម្បីធ្វើយ៉ាងណាឱ្យសហគ្រាសទាំងនេះមានភាពប្រកួតប្រជែង គំនិតច្នៃប្រឌិត ឬនវានុវត្តន៍ មានភាពធន់គ្រប់គ្រាន់ដែលអាចងើបឡើងវិញយ៉ាងឆាប់រហ័ស ក្រោយវិបត្តិកូវីដ-១៩ ដែលបច្ចុប្បន្នយើងហៅថា បរិបទថ្មីនៃពិភពលោក (The World New Normal) ហើយអាចនឹងឆាប់ៗនេះហៅថា ពិភពលោកនឹងមិននៅដដែលនោះទេ (The World Never Normal)។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំទិវានេះជារៀងរាល់ឆ្នាំបន្តទៀត។

ជាមួយគ្នានោះដែរ កម្ពុជាបានចូលរួមជាមួយសហគមន៍ពិភពលោក ដើម្បីអបអរសាទរទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យមសកល ឆ្នាំ២០២១ ក្នុងការបង្ហាញអំពីសារៈសំខាន់ និងការចូលរួមចំណែកយ៉ាងធំធេងរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ចំពោះជីវភាពរស់នៅរបស់សហគមន៍ និងសេដ្ឋកិច្ច។ លើសពីនេះ ទិវាអបអរសាទរសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាឱកាសមួយសម្រាប់លើកកម្ពស់ការយល់ដឹងអំពីតម្រូវការ ដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅក្នុងប្រទេសឱ្យឆ្ពោះទៅរកភាពជោគជ័យ និងការអភិវឌ្ឍ។ មហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាស និងអនុម័តយកថ្ងៃទី២៧ ខែមិថុនា រៀងរាល់ឆ្នាំជាទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យមអន្តរជាតិ ដែលជាការទទួលស្គាល់អំពីសារៈសំខាន់នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍សកលប្រកបដោយចីរភាព។

អង្គទិវាទាំងមូលបានចាត់ទុកថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចដ៏ធំនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ នៅកម្ពុជាសហគ្រាសធុនមីក្រូ តូច និងមធ្យមបានផ្តល់ប្រហែល ៧០% នៃការងារសរុបស្មើនឹង ៩៩.៨% នៃសហគ្រាសទាំងអស់ និងរួមចំណែកជាមធ្យម ៥៨% នៃកំណើនផលិតផលក្នុងស្រុកសរុបរបស់ជាតិ៕