(សៀមរាប)៖ ៦ខែទៀតសេវាទូរស័ព្ទ​ក្នុងតំបន់អង្គរនឹង​លែងមាន​បញ្ហារអាក់រអួលទៀតហើយ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានចាប់ដៃជាមួយក្រុមហ៊ុន Camtower Link Communication Co.,Ltd រៀបចំប្រព័ន្ធចែក​ចាយសេវាទូរស័ព្ទ (Monopole Tree) នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ។

អាជ្ញាធរជាតិអប្សរា និង ក្រុមហ៊ុន Camtower Link Communication Co.,Ltd បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​លើដំណើរការ រៀបចំប្រព័ន្ធចែកចាយសេវាទូរស័ព្ទ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ។ ពិធីនេះធ្វើឡើងរវាងលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញា ធរជាតិអប្សរា និង លោក MUHAMMED YUSOFF MOHD ZAMRI ប្រធានគ្រប់គ្រង​ប្រចាំតំបន់របស់ក្រុមហ៊ុន Camtower Link Communication Co.Ltd។

យោងតាមខ្លឹមសារកិច្ចព្រមព្រៀងនេះ បានបញ្ជាក់ថា ក្រុមហ៊ុននឹងតម្លើងបង្គោលដើមឈើសិប្បនិមិត្តចំនួន ៦ទីតាំង ដែលអាចឲ្យ ក្រុមហ៊ុនទូរស័ព្ទផ្សេងៗ បំពាក់អង់តែនរបស់ខ្លួន ដើម្បីផ្តល់​សេវាក្នុងរមណីយដ្ឋាន​អង្គរ​ឲ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុននឹងចាប់​ដំណើរសកម្មភាពរបស់ខ្លួន​បន្ទាប់ពីថ្ងៃចុះហត្ថលេខានេះទៅ ដែលត្រូវចំណាយរយៈពេលប្រមាណ ៦ខែ។

មន្រ្តីអាជ្ញាធរជាតិអប្សរាកន្លងមក​មានក្រុមហ៊ុនទូរស័ព្ទមួយចំនួន បានដាក់ពាក្យស្នើសុំអាជ្ញាធរជាតិអប្សរា ដើម្បីតម្លើងអង់តែន​ទូរស័ព្ទរបស់ខ្លួន ក្នុងរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា​បានទទួល​យកសំណើដោយបានអញ្ជើញក្រុមហ៊ុនទាំងនោះ មកធ្វើបទបង្ហាញអំពីលក្ខណៈបច្ចេកទេសជាបន្តបន្ទាប់។ លើសពីនេះទៀត អាជ្ញាធរជាតិអប្សរា ក៏បានសហការជាមួយក្រសួងប្រៃសណីយ និងទូរគម នាគមន៍ ដើម្បីពិនិត្យរកក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណផ្តល់​ទីតាំងចែកចាយសេវាត្រឹមត្រូវ។

ក្រោយពិនិត្យឃើញថា ក្រុមហ៊ុន Camtower Link Communication Co.Ltd នេះ មានលក្ខណៈបច្ចេកទេស និង សិទ្ធិគ្រប់គ្រាន់ ដើម្បីតម្លើង និង ចែកចាយដោយស្របច្បាប់ ទើបអាជ្ញាធរជាតិ​អប្សរាឆ្លង​យោបល់បច្ចេកទេស​ជាមួយគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ និងបង្កើតក្រុមការងារចុះសិក្សាលម្អិតរហូតសម្រេចដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅពេលនេះ។

បច្ចុប្បន្នក្នុងរមណីយដ្ឋានអង្គរ មានសេវាទូរស័ព្ទតិចតួច ដែលធ្វើឲ្យមានភាព​លំបាកដល់ការទំនាក់ទំនង។ មូលហេតុដោយសារ​កន្លងមកមិនមានក្រុមហ៊ុន​ណាមានលក្ខណៈសម្បត្តិ និង បច្ចេកទេស​គ្រប់គ្រាន់ ដើម្បីផ្តល់សេវាចែកចាយប្រព័ន្ធ​​ទូរស័ព្ទស្របតាមតម្លៃ​​ទេសភាពវប្បធម៌​ក្នុងរមណីយដ្ឋានអង្គរនៅឡើយ។

ដោយឡែកក្រុមហ៊ុន Camtower Link Communication Co.Ltd មានគំនិតច្នៃប្រឌិតបង្កើត​ដើមឈើសិប្បនិមិត្តនេះឡើង អាចផ្តល់ការចែកចាយ​ដល់ក្រុមហ៊ុនទូរសព្ទផ្សេងៗបំពាក់សេវារបស់ខ្លួន ជំនួសឲ្យការសាងសង់អង់តែន​គ្រប់ក្រុមហ៊ុនទូរសព្ទ​ច្រើនស្អេកស្កះ​ក្នុងរមណីយដ្ឋានអង្គរ ដែលអាចធ្វើឲ្យប៉ះ​ពាល់ដល់ទេសភាពវប្បធម៌។

គំនិតច្នៃប្រឌិតនេះ ក៏ស្របតាមអនុសាសន៍ណែនាំ​របស់គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ ហើយជាប្រភេទអង់តែន ដែលបណ្តាប្រទេសមួយចំនួនបានធ្វើរួចមកហើយ គឺក្នុងន័យការពារ​ទេសភាពវប្បធម៌ ស្របតាមបទដ្ឋានរបស់តំបន់បេតិកភណ្ឌពិភពលោក ។ អាជ្ញាធរជាតិអប្សរាសម្រេច​ទទួលយកគម្រោងនេះ ដោយចុះកិច្ចសន្យាមិនផ្តាច់មុខ ដើម្បីឲ្យប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ដែលចូលមកទស្សនារមណីយដ្ឋានអង្គរ មានសេវាទូរសព្ទប្រើប្រាស់​ដូចតំបន់ដទៃទៀតដែរ៕