(ភ្នំពេញ)៖ ផ្សារទំនើប AEON បន្ទាប់ពីបើកដំណើរការនៅកម្ពុជា បានសម្រេចបង្កើតមូលនិធិមួយមានឈ្មោះថា «AEON 1% Club» ក្នុងបំណងចូលរួមចំណែកជួយផ្តល់ការអប់រំដល់សិស្សកម្ពុជា ក៏ដូចជាជួយពង្រីកទំនាក់ទំនង និងវប្បធម៌កម្ពុជា-ជប៉ុន តាមរយៈការ ផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមករវាងសិស្សានុសិស្សរបស់កម្ពុជា-ជប៉ុន។

តាមរយៈនិធិមួយមានឈ្មោះថា «AEON 1% Club» នៅថ្ងៃទី១២-១៩ ខែមករា ឆ្នាំ២០១៦ សិស្សមកពីវិទ្យាល័យ «ជាស៊ីចំរើនរ័ត្ន» ២០នាក់ ត្រូវបាននាំយកទៅបំពេញទស្សនកិច្ចសិក្សានៅទីក្រុងហុកកៃដូ ប្រទេសជប៉ុន។ ដំណើរទស្សនកិច្ចនេះ បានធ្វើឲ្យសិស្សខ្មែរ បានស្វែងយល់ និង ស្រង់បទពិសោធន៍យ៉ាងច្រើនពីការសិក្សា ក៏ដូចជារបៀបររស់នៅពលរដ្ឋជប៉ុន។

លុះនៅថ្ងៃទី១៤-២១ ខែមីនា ឆ្នាំ២០១៦ សិស្សមកពីវិទ្យាល័យ Sapporo Kiyota នៅទីក្រុងហុកកៃដូ ប្រទេសជប៉ុន ក៏បានមកបំ ពេញទស្សនកិច្ចសិក្សានៅកម្ពុជាផងដែរ។ សិស្សមកពីវិទ្យាល័យ Sapporo Kiyota បានទៅកម្សាន្តនៅរមណីយដ្ឋានអង្គរ សារមន្ទីរ សម្តេចព្រះនរោត្តមសីហនុអង្គរ និង រាជធានីភ្នំពេញផងដែរ ហើយនៅរសៀលថ្ងៃទី១៧ ខែមីនា ទាំងសិស្សមកពីវិទ្យាល័យ Sapporo Kiyota របស់ជប៉ុន និងវិទ្យាល័យជាស៊ី ចំរើនរ័ត្ន ត្រូវបានស្ថានទូតជប៉ុន ធ្វើពិធីទទួលស្វាគមន៍ពួកគេផងដែរ។

លោក Shinobu Washizawa បានថ្លែងថា មូលនិធិ «AEON 1% Club» បានចូលរួមពង្រឹងការអប់រំនៅកម្ពុជា តាមរយៈការបង្កើត សាលារៀន និង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាដើម។ លោក Shinobu Washizawa រំពឹងថា ការផ្លាស់ប្តូរទស្សនកិច្ច សិក្សារវាងសិស្សានុសិស្សកម្ពុជា-ជប៉ុន នឹងជួយឲ្យពួកគេបានយល់ដឹងកាន់តែច្បាស់ថែមទៀតពីកម្លាំងអំណាចទំនាក់ទំនង នៃប្រ ទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោក យូជី គូម៉ាម៉ារុ បានហៅកម្មវិធីផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សារបស់សិស្សកម្ពុជា-ជប៉ុន ដែលរៀបចំដោយមូលនិធិ «AEON 1% Club» មានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងការនាំឲ្យយុវជនវ័យក្មេងកម្ពុជា និងជប៉ុន បានយល់ ដឹងពីគ្នាទៅវិញទៅមកកាន់តែច្បាស់ និងនាំឲ្យទំនាក់ទំនងមិត្តភាពជប៉ុន និងកម្ពុជាកាន់តែមានភាពស៊ីជម្រៅថែមទៀត។

ឯកអគ្គរដ្ឋទូតជប៉ុន បានបង្ហាញក្តីរំពឹងទុកថា ការផ្លាស់ប្តូរដ៏មានតម្លៃជាអន្តរជាតិលើកនេះ នឹងជួយជំរុញការចាប់អារម្មណ៍ជាអន្តរជាតិ ពីសំណាក់សិស្សានុសិស្ស នៃប្រទេសទាំងពីរ និងជួយលើការបណ្តុះបណ្តាលធនធានមនុស្ស ដែលជួយទៅលើការបណ្តុះបណ្តាល ធនធានមនុស្ស ដែលជំរុញដល់ការអភិវឌ្ឍប្រទេសនីមួយៗ។

ទាំងសិស្សកម្ពុជា និងជប៉ុន បានបង្ហាញការយល់ឃើញដូចគ្នា កម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សានេះ បានជួយឲ្យពួកគេមានឱកាស ស្វែងយល់ពីវប្បធម៌រវាងប្រទេសទាំងពីរ ដែលជាការពង្រឹងចំណេះដឹងរបស់ពួកគេ៕